(ញូវដែលី)៖ ក្រុមរដ្ឋមន្រ្តីឥណ្ឌា និងសហរដ្ឋអាមេរិកបានជួបពិភាក្សាគ្នានៅថ្ងៃសុក្រនេះ ដោយសង្កត់ធ្ងន់លើតម្រូវការពង្រឹងបន្ថែម នូវទំនាក់ទំនងមិត្តភាពរបស់ពួកគេ ដើម្បីអាចដោះស្រាយបញ្ហាប្រឈមនានាជុំវិញពិភពលោក និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជំនួបប្រចាំឆ្នាំដែលគេហៅថា «កិច្ចសន្ទនា 2+2» រវាងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin ជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិ លោក Rajnath Singh មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងតម្រង់ទិសដៅគោលនយោបាយ នៃប្រទេសទាំងពីរ នៅក្នុងតំបន់ឥណ្ឌូប៉ាស៉ីហ្វិក។

ថ្លែងបើកកិច្ចសន្ទនា រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Singh បានលើកឡើងថា «វិស័យការជាតិនៅតែជាសសរស្តម្ភដ៏សំខាន់បំផុតមួយ នៃទំនាក់ទំនងទ្វេភាគីរបស់យើង។ ទោះជាបញ្ហាប្រឈមភូមិសាស្ត្រនយោបាយកំពុងកើតឡើងក៏ដោយ យើងត្រូវរក្សាការយកចិត្តទុកដាក់ របស់យើងលើបញ្ហាសំខាន់ៗ និងនៅក្នុងរយៈពេលវែង»។ ចំណែករដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Austin បានគូសបញ្ជាក់ថា «វាជាពេលដ៏មានសារៈសំខាន់ជាងពេលណាៗទាំងអស់ ដែលប្រទេសប្រជាធិបតេយ្យធំជាងគេទាំងពីរ ផ្លាស់ប្តូរទស្សនៈគ្នា ស្វែងរកគោលដៅរួមសម្រាប់ប្រជាជនរបស់យើង និងក្នុងការប្រឈមមុខបញ្ហាជាសកលជាបន្ទាន់។ យើងកំពុងរួមបញ្ចូលមូលដ្ឋានឧស្សាហកម្មរបស់យើង ពង្រឹងអន្តរប្រតិបត្តិការ និងចែករំលែកនូវបច្ចេកវិទ្យាទំនើប»។

រដ្ឋមន្រ្តីការបទេសអាមេរិក លោក Blinken បាននិយាយថា «យើងទាំងអស់គ្នាកំពុងចាត់វិធានការជាក់ស្តែង ដើម្បីបង្ហាញពីចក្ខុវិស័យ នៃមេដឹកនាំប្រទេសយើងទាំងពីរ ដែលបានដាក់ចេញ។ យើងកំពុងលើកកម្ពស់ឥណ្ឌូប៉ាស៉ីហ្វិកសេរី និងបើកចំហ វិបុលភាព សុវត្ថិភាព ភាពន់ និងការពង្រឹងភាពជាដៃគូតាមរយៈក្រុមប្រទេស QUAD ជាមួយជប៉ុន និងអូស្ត្រាលី»។ ដោយឡែក រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Jaishankar បានកត់សម្គាល់ថា «កិច្ចសន្ទនានេះនឹងជួយកសាងភាពជាដៃគូឆ្ពោះទៅមុខ ក្នុងពេលដែលយើងបង្កើតរបៀបវារៈសកលរួមគ្នា»។

គួរបញ្ជាក់ថា ទោះបីជាទីក្រុងវ៉ាស៊ីនតោនជាប់រវល់ជាមួយនឹងសង្គ្រាមនៅតំបន់ Gaza និងអ៊ុយក្រែនក៏ដោយ តែកិច្ចពិភាក្សានៅថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងថានឹងផ្តោតបន្ថែមទៀតលើការឆ្ពោះទៅមុខរវាងឥណ្ឌា-អាមេរិក។ ក្រុមមន្ត្រី និងអ្នកវិភាគនិយាយថា ទំនាក់ទំនងការពារជាតិ យុទ្ធសាស្ត្រ និងបញ្ហាក្នុងតំបន់នៅអាស៉ីខាងត្បូង ក៏ដូចជាតំបន់មហាសមុទ្រឥណ្ឌា គឺធំជាងបញ្ហាទាំងពីរនេះទៅទៀត។
ប្រទេសទាំងពីរ ក៏ត្រូវបានគេរំពឹងថានឹងពិភាក្សា អំពីការព្រួយបារម្ភទៅវិញទៅមកចំពោះចិន ប៉ុន្មានថ្ងៃមុនពេលកិច្ចប្រជុំរបស់លោក បៃដិន ជាមួយប្រធានាធិបតីចិន លោក​ ស៉ី ជីនពីង នៅខាងក្រៅកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៉ីហ្វិក នៅសប្តាហ៍ក្រោយ ដែលគ្រោងធ្វើឡើងក្នុងទីក្រុង San Francisco របស់សហរដ្ឋអាមេរិក៕

រូបភាពពី Reuters