(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ឲ្យដឹងថា ក្រសួងកំពុងតែធ្វើការ ជាមួយនឹងក្រសួង-ស្ថាប័នរដ្ឋទាំងអស់ ដើម្បីឲ្យប្រែក្លាយទៅជាក្រសួង-ស្ថាប័នឌីជីថល ដែលលំហូរឯកសារ ការផ្ដល់សេវាសាធារណៈ ធ្វើតាមប្រព័ន្ធអនឡាញ។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត អញ្ជើញជាអធិបិតីភាព ក្នុងពិធីបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ ក្នុងខេត្ដតាកែវ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងតែសហការជាមួយនឹងក្រសួងនានា ដោយធ្វើម្ដេច ដើម្បីឲ្យក្រសួងទាំងអស់មានមធ្យោបាយ ក្នុងការប្រែក្លាយក្រសួងរបស់ខ្លួន ឲ្យទៅជាក្រសួងឌីជីថល ដែលថ្ងៃក្រោយ លំហូរឯកសារការផ្ដល់សេវាសាធារណៈទំនាក់ទំនងទាំងអស់ ធ្វើតាមប្រព័ន្ធអនឡាញ»

បន្ថែមពីនោះទៀត លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ដើម្បីសម្រេចបានគោលដៅនេះ៖

ទី១៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងតែតភ្ជាប់សេវាអ៊ីនធឺណិត ​និងសេវាទូរស័ព្ទ ទៅគ្រប់ក្រសួងស្ថាប័នជាបន្តបន្ទាប់
ទី២៖ រៀបចំអនុក្រឹត្យបង្កើតអង្គភាពបរិវត្តកម្មឌីជីថល នៅក្នុងក្រសួងនីមួយៗ និងស្ថាប័នរដ្ឋនីមួយៗ
ទី៣៖ រៀបចំឧបករណ៍ ប្រព័ន្ធប្រើប្រាស់កុំព្យូទ័រ -ល- ឲ្យក្លាយទៅជាប្រព័ន្ធរបស់រដ្ឋ។

លោកថា គ្រប់ក្រសួងទាំងអស់ នឹងលែងប្រើឧបករណ៍ឯកជនទៀត នៅក្នុងរយៈពេល១ឆ្នាំ ឬ២ឆ្នាំ ខាងមុខនេះ ហើយក្រសួងនឹងផ្ដល់កុំព្យូទ័រ ទៅគ្រប់ក្រសួងស្ថាប័នទាំងអស់ ឲ្យមន្ត្រីរាជការប្រើប្រាស់ ជារបស់រដ្ឋ ដើម្បីរក្សានូវទិន្នន័យទាំងអស់ នៃការងាររបស់រដ្ឋនៅក្នុងក្រសួង ដោយមិនឲ្យអ្នកដែលប្រើឧបករណ៍ឯកជន ពេលផ្ទេរទៅកន្លែងផ្សេង យកឯកសារទៅទាំងអស់តាមខ្លួនទៀតទេ។

ទី៤៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងនាមជាប្រធានគណៈកម្មការរដ្ឋាភិបាលឌីជីថល ដឹកនាំសម្របសម្រួលជួយរៀបចំផែនការសកម្មភាព សហការជាមួយនឹងក្រសួងសាមី ដើម្បីធ្វើម្ដេច ឲ្យក្រសួងសាមីនីមួយៗ មានផែនការសកម្មភាពរបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ ក្នុងការគិតគូរ ដើម្បីប្រែក្លាយក្រសួងរបស់ខ្លួន ឲ្យទៅជាក្រសួងឌីជីថល។

ទី៥៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងពាក់ព័ន្ធទាំងអស់សហការគ្នា អភិវឌ្ឍថ្នាលបច្ចេកវិទ្យា ដើម្បីឲ្យថ្នាលបច្ចេកវិទ្យានេះ ផ្ដល់សេវាផ្ទៃក្នុងរបស់រដ្ឋាភិបាល ពីក្រសួងមួយទៅក្រសួងមួយ, ផ្ដល់សេវាពីក្រសួងទៅអាជីវកម្ម ដោយផ្តល់សេវាពីក្រសួង ទៅប្រជាពលរដ្ឋតាមអនឡាញ។

ទន្ទឹមគ្នានេះ លោកបានលើកឡើងថា ការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈនេះ គឺជាការឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួង លើវិស័យបច្ចេកវិទ្យាព័ត៌មាន ដើម្បីបំពេញបេសកកម្ម លើគំនិតផ្ដួចផ្ដើមបរិវត្តកម្មឌីជីថល ដល់ការអប់រំ ដែលនឹងរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្ស និងអនាគតឌីជីថលកម្ពុជា។

សូមបញ្ជាក់ថា «មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍» គឺជាមជ្ឈមណ្ឌលដែលផ្តល់ការបណ្តុះបណ្តាល ពាក់ព័ន្ធនឹងជំនាញបច្ចេកវិទ្យាឌីជីថល និងសេវាប្រៃសណីយ៍ដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ជាពិសេស ដល់សិស្សនិស្សិត និងសាធារណជនរស់នៅមូលដ្ឋាន ក្នុងគោលបំណងជំរុញ ការបណ្ដុះបណ្តាលធនធានមនុស្សឌីជីថល លើកកម្ពស់អក្ខរកម្មឌីជីថល និងកាត់បន្ថយគម្លាតឌីជីថល។

មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ ដែលសរសេរជាភាសាអង់គ្លេស «Community Tech Center» (CTC) នឹងត្រូវបានសាងសង់ នៅតាមវិទ្យាល័យសាធារណៈ ក្នុងប្រទេសកម្ពុជា ក្រោមគំនិតផ្តួចផ្តើម របស់រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.)៕