(ប៉ៃលិន)៖ លោក សេរី កុសល អនុប្រធានទី១ និង លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការ បានដឹកនាំគណប្រតិភូ តំណាងប្រទេស ម្ចាស់ជំនួយ រួមមានលោកស្រី Angela CORCORAN ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកស្រី Setsuko YAMAZAKI នាយកអង្គការ UNDP ប្រចាំប្រទេសកម្ពុជា លោក Lars BUECHLER លេខាទី១ ស្ថានកុងស៊ុលប្រទេសស្វីសប្រចាំកម្ពុជា និងក្រុមការងារ ចុះទស្សនកិច្ចដំណើការ នៃការបោសសម្អាតមីន នៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦។ ការចុះត្រួតពិនិត្យនេះ កំពុងអនុវត្ត ដោយប្រតិបត្តិករ NPMEC ក្រោមគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល តំណាក់កាលទី៣។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី ឯកអគ្គរដ្ឋទូតអូស្ត្រាលី តំណាងម្ចាស់ជំនួយ បានសំដែងនូវការកោតសរសើរចំពោះដំណើការ នៃការអនុវត្តគម្រោង ដែលមានភាពហ្មត់ចត់ច្បាស់លាស់ និងប្រកបដោយតម្លាភាព ដែលផ្តល់នូវទំនុកចិត្តខ្ពស់ សម្រាប់ក្រុមប្រទេសផ្តល់ជំនួយ។
ទស្សនកិច្ចខាងលើនេះ មានការចូលរួមពី អភិបាលខេត្តប៉ៃលិន អភិបាលស្រុក អង្គភាពផែនការសកម្មភាពមីន (ម៉ាពូ) ប្រជាពលរដ្ឋ និងអ្នកទទួលផលផងដែរ៕