(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២៣ ជាគោលដៅទី៦ ចុងក្រោយ ដើម្បីរកវិធីសាស្រ្តក្នុងការដោះស្រាយ បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ ថុល អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ផ្នែកឯកជនដែលពាក់ព័ន្ធ មន្រ្តីថ្នាក់មូលដ្ឋាន តំណាងអង្គការសង្គមស៊ីវិល លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ មកពីស្រុកពួក និងក្រុងសៀមរាបជាច្រើនចូលរួមផង​ដែរ។

អង្គវេទិកាបានលើកឡើងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋដែលកើតមានឡើងនៅក្នុងមូលដ្ឋានក្រុង/ស្រុកទាំងពីរ ដោយបានផ្តោតទៅលើបញ្ហា វិវាទដីធ្លី ប្រព័ន្ធធារាសាស្ត្រ បញ្ហាអាជ្ញាធរជាតិអប្សរា (លើការជួសជុល សាងសង់លំនៅដ្ឋាន បុរាណដ្ឋាន សុំធ្វើប័ណ្ណកម្មសិទ្ធិ) បញ្ហាហេដ្ឋារចនាសម្ព័ន្ធ (ការដាក់ប្រព័ន្ធលូ និងប្រឡាយ) និងបញ្ហាកាត់បន្ថយការប្រើប្លាស្ទីកជាដើម។

បន្ទាប់ពីការបកស្រាយបំភ្លឺនូវរាលទុក្ខកង្វល់របស់សមាជិកអង្គវេទិកាដែលលើកឡើង របស់បណ្តាមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធរួចមក លោក សុខ ថុល បានបញ្ជាក់ថា វេទិកានេះ ធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្ត ទទួលបានតាមរយៈការអនុវត្តនូវសកម្មភាពនានា ក្នុងឆ្នាំ២០២៣ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលក្រុងសៀមរាប និងស្រុកពួក យកមកធ្វើការពិភាក្សា និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាប្រឈម និងសំណូមពរសម្រាប់រដ្ឋបាលខេត្តយកទៅធ្វើការពិចារណាដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ឲ្យកាន់តែល្អប្រសើរឡើង។

លោក សុខ ថុល ក៏បានជម្រុញដល់អង្គភាពពាក់ព័ន្ធ ក្រុង/ស្រុក និងឃុំ/សង្កាត់ ត្រូវពិនិត្យឡើងវិញលើកការងារផែនការ៣ឆ្នាំរំកិល និងការដេញថ្លែក្នុងការស្ថាបនាលើហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខ្លួន ឲ្យមានភាពសុក្រិត និងចូលរួមកាត់បន្ថយការប្រើប្លាស្ទីក ដើមី្បបញ្ជៀសការបំពុលដល់បរិស្ថានផងដែរ។

ទន្ទឹមនឹងនោះដែរ លោក អ៊ាន ឃុន បានលើកឡើងថា ក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាកាលានុវត្តិភាព ដើម្បីផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានស្វែងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង/ស្រុក និងឃុំ/សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមានរយៈពេលកន្លងមក និងផ្តល់ឱកាសដល់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួន អំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។

លោក អ៊ាន ឃុន បានថ្លែងអំណរគុណចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ដែលបានធ្វើការបកស្រាយបំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់ប្រជាពលរដ្ឋ ផ្ទាល់មាត់មានចំនួន ១៣សំណួរ សំណូមពរ និងលាយល័ក្ខអក្សរ ចំនួន ២៣សំណួរ សំណូមពរ ដែលពាក់ព័ន្ធ វិវាទដីធ្លី ប្រព័ន្ធធារាសាស្ត្រ បញ្ហាអាជ្ញាធរជាតិអប្សរា (លើការជួសជុល សាងសង់លំនៅដ្ឋាន បុរាណដ្ឋាន សុំធ្វើប័ណ្ណកម្មសិទ្ធិ) បញ្ហាហេដ្ឋារចនាសម្ព័ន្ធ (ការដាក់ប្រព័ន្ធលូ និងប្រឡាយ) និងការកាត់បន្ថយការប្រើប្លាស្ទីកផង​ដែរ។

លោកប្រធានក្រុមប្រឹក្សា បានបន្តថា នៅលើភពផែននេះបានរងផលប៉ះពាល់យ៉ាងខ្លាំង ទៅលើកាកសំណល់ប្លាស្ទិក ដែលបានបំពុលដល់បរិស្ថាន អនាម័យ ធម្មជាតិជាដើម ដូច្នេះហើយ យើងត្រូវរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជ្រើសរើសយកឧបករណ៍ ដែលប្រើប្រាស់ហើយវាមិនប៉ះពាល់ដល់បរិស្ថាន ព្រមទាំងបង្កើតបាននូវជីវៈចម្រុះបម្រើដល់ធម្មជាតិ និងផលប្រយោជន៍ដល់យើងផងដែរ៕