(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចុះចែកពូជស្រូវសែនក្រអូបដល់ប្រជាពលរដ្ឋ១៥២គ្រួសារ នៅសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល។

លោក សុក ហៃ បានគូសបញ្ជាក់ថា ការផ្ដល់ពូជស្រូវជូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាករបស់ប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវ ចំពោះគ្រួសារដែលត្រូវបានជ្រើសរើសដោយឆ្លងកាត់តាមការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារ ដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញពីការយល់ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។

លោកបន្តថា រដ្ឋបាលខេត្តក៏ដូចជាអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ បានចូលរួមជួយសង្គ្រោះដោយបានជម្លៀសបងប្អូនប្រជាពលរដ្ឋឲ្យមានសុខសុវត្ថិភាព ថែមទាំងបានផ្ដល់នូវស្បៀងអាហារគ្រប់គ្រាន់ និងបានដោះស្រាយនៅបញ្ហាប្រឈមពីគ្រោះទឹកជំនន់ថែមទៀត។

លោកបន្តទៀតថា ការផ្ដល់ជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចតែងបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះ បន្ទាប់គ្រោះទឹកជំនន់នេះផងដែរ លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់នៃការប្រើប្រាស់គ្រឿងញៀនក៏ដូចជាការរាយការមកសមត្ថកិច្ចឱ្យបានទាន់ពេលវេលាផងដែរ។

គួរបញ្ជាក់ថាប្រជាពលរដ្ឋ ១៥២ គ្រួសារក្នុងមួយគ្រួសារទទួលបានស្រូវពូជសែនក្រអូបចំនួន ១០០គីឡូក្រាម៕