(កណ្តាល)៖ ក្រោយមួយរយ:នេះ មានភ្លៀងបង្អុរមកខ្លាំងជាបន្តបន្ទាប់មក ដែលនាំឲ្យទឹកស្ទឹងព្រែកត្នោតហូរលឿន បណ្ដាលឲ្យបាក់ច្រាំងច្រោះដល់ផ្លូវបេតុង ប្រមាណជា៧០ម៉ែត្រ ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ។

លោក ស៊ិញ ចាន់សុខ មេភូមិព្រែកតាពៅ បានឱ្យដឹងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ផ្លូវបេតុងដែលរងការបាក់ស្រុតនៅជាប់ស្ទឹងនេះ មានប្រវែងជាង៧០ម៉ែត្រ និងបានបាក់តាំងពីអំឡុងវេលាម៉ោងប្រមាណ ៣ទៀបភ្លឺមកម្ល៉េះ។ ក្រោយភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យបាក់ស្រុតតែម្តង ប៉ុន្តែសំណាងល្អ មិនបានបាក់ផ្ទះអ្នកភូមិ តែបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន៨គ្រួសារ គ្មានផ្លូវចូលផ្ទះ ហើយនេះគឺជាលើកទី២ហើយ ដែលកាលពីឆ្នាំ២០១៥ កន្លងមកបានបាក់ស្រុតម្តងមកហើយ ប៉ុន្តែត្រូវបានអាជ្ញាធរសង្កាត់ជួសជុលឡើងវិញ។ លោកថា លើកនេះបាក់ធ្ងន់ធ្ងរ ទើបលោកចៅសង្កាត់សម្រេចធ្វើការបិទលែងឱ្យធ្វើចរាចរណ៍តែម្តង។

លោក ឯក សំណាង ចៅសង្កាត់ដើមមៀន បានបញ្ជាក់ថា ផ្លូវដែលរងការបាក់ស្រុតនេះ ធ្លាប់បានបាក់ស្រុតម្តងហើយកាលពីឆ្នាំ២០១៥កន្លងទៅ ហើយត្រូវបានរដ្ឋបាលសង្កាត់ធ្វើការជួសជុលឡើងវិញ ដើម្បីឱ្យពលរដ្ឋអាចធ្វើដំណើរវិញបាន កាលពីឆ្នាំ២០១៦ ហើយពេលនេះស្រាប់តែបាក់ម្តងទៀត។ កាលពីប៉ុន្មានខែមុននេះ ក៏មានបាក់ស្រុតផ្លូវបេតុងអស់ជាច្រើនម៉ែត្រផងដែរ នៅភូមិព្រែកតាពៅ១ ហើយយើងក៏បានធ្វើរបាយការណ៍ដាក់ជូនទៅរដ្ឋបាលក្រុងតាខ្មៅ រួចរាល់ហើយដែរ។

លោកចៅសង្កាត់បានឱ្យដឹងទៀតថា ចាប់តាំងពីឆ្នាំ២០១៥មក លំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្នុងភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ និងភូមិព្រែកតាពៅ១ ជាច្រើនខ្នងមកហើយដែលរងការបាក់ស្រុត ដោយសារចរន្តទឹកហូរបុក ក៏ដូចជាទឹកភ្លៀងហូរច្រោះ។

ក្នុងនាមអាជ្ញាធរ យើងតែងមានការអប់រំ ណែនាំបងប្អូនដែលមានលំនៅដ្ឋាន តាមដងព្រែកស្ទឹង ឱ្យមានការបង្កើនការប្រុងប្រយត្ន័ខ្ពស់ ជាពិសេសនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង ក៏ដូចជាទឹកជំនន់ប្រសិន ជាសង្កេតឃើញមាន សភាពមិនប្រក្រតី ត្រូវរួសរាន់ចាកចេញជាបន្ទាន់ដើម្បីបញ្ចៀសនូវភានិភ័យជាយថាហេតុ។ ហើយដើម្បីសុវត្ថិភាពពលរដ្ឋ សង្កាត់បានសម្រេចចិត្តធ្វើការបិទចរាចរណ៍ផ្លូវមួយខ្សែនេះ មិនឱ្យធ្វើចរាចរណ៍ទៀតទេ ដោយឱ្យធ្វើដំណើរវាងផ្លូវផ្សេងសិន ហើយបើតាមការពិនិត្យជាក់ស្តែងប្រសិន បើនៅតែមានភ្លៀងធ្លាក់ខ្លាំងទៀតនោះ ផ្លូវនេះអាចនឹងរងការបាក់ស្រុតបន្តទៀតជាក់ជាពុំខាន ដូច្នេះសូមបងប្អូនមេត្តាបង្កើនការប្រុងប្រយត្ន័ ជាពិសេសចំពោះក្មេងតូចៗ។

លោក ឯក សំណាង ក៏បានបញ្ជាក់បន្ថែមផងដែរថា ចំពោះបងប្អូនដែលរស់នៅតាមមាត់ស្ទឹងតាខ្មៅ ក្នុងភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ និងភូមិព្រែកតាពៅ១ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍប្រព័ន្ធរំដោះទឹកពីរាជធានីភ្នំពេញ នេះគឺថ្នាក់លើបានឱ្យសង្កាត់ធ្វើការជម្រឿននិងស្រង់ស្ថិតិរួចរាល់ហើយដែរ៕