(កែប)៖ លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រោមឱវាទ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា ១៩៥៣- ៩វិច្ឆិកា ២០២៣) នៅវិមានឯករាជ្យ ស្ថិតនៅសង្កាត់កែប ក្រុងកែប។

ពិធីបានចាប់ផ្តើមដោយមានវត្តមាន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត ព្រមទាំងលោក លោកស្រី ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់វុធ អាជ្ញាធម៌ និងអ្នកពាក់ព័ន្ធ អញ្ជើញឡើងដាក់កម្រងផ្កា បាច់ផ្កា និងអុចគុបភ្លើងជ័យ ព្រមទាំងអង្គពិធីទាំងមូលបានលំអោនកាយឧទ្ទិសបួងសួង ដល់ដួងព្រះវិញ្ញាណខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គយាងចាប់បដិសន្ធិ ក្នុងព្រះបរមសុគតិភព គ្រប់ៗព្រះជាតិ កុំបីឃ្លាតក្លាយឧបការៈដទៃឡើយ។

លោកបណ្ឌិត សោម ពិសិដ្ឋ បានអានសុន្ទរកថា ខ្លឹមសារនៃទិវាបុណ្យឯករាជជាតិ យ៉ាងដូច្នេះថា ថ្ងៃនេះ ៩វិច្ឆកា ២០២៣ ជាទិវារំលឹកខួបលើកទី៧០ហើយ ដែលប្រទេសជាតិ បានទទួលឯករាជ្យ ពីអាណានិគមនិយមបារាំង នាឆ្នាំ១៩៥៣។ ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋខេត្តកែប សូមដឹងគុណូបការៈយ៉ាងជ្រាលជ្រៅ ចំពោះយុទ្ធជនយុទ្ធនារីស្នេហាជាតិ និងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារមាតុភូមិកម្ពុជា ទទួលបានឯករាជ្យពេញបរិបូរណ៍។

ជាពិសេសកូនចៅសូមគោរពដឹងគុណ ដ៍ថ្លៃថ្លាគ្មានអ្វីប្រៀបបាន និងឧត្តុង្គឧត្តមនៃព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះករុណាព្រះមហាវិរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ក្នុងសន្តិភាព សេចក្តីថ្លៃថ្នូរ ព្រះបរមរតនកោដ្ឋ ទ្រង់បានបន្សល់ទុកនូវ សមិទ្ធផលយ៉ាងច្រើនឥតគណនា សម្រាប់កូនចៅព្រះអង្គក្នុងព្រះរាជាណាចក្រកម្ពុជា សា្នព្រះហស្ថព្រះអង្គ កូនចៅ ចៅទួតរបស់ព្រះអង្គ ពុំអាចបំភ្លេចបានឡើយ កូនចៅ ចៅទួតទាំងអស់ នឹងដង្ហែរតាមព្រះរាជបូជនីយកិច្ច របស់ព្រះអង្គ ព្រះបរមរតនកោដ្ឋជារៀងដរាបតទៅ។

លោកអភិបាលខេត្ត ថ្លែងបន្តថា ទន្ទឹមនឹងបុណ្យខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ បានភ្ជាប់ជាមួយការអបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ដ៏អង់អាចក្លាហានរបស់យើង ដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បានបង្កើតឡើង និងបានបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីកម្ពុជា ជារៀងរហូតតទៅ។

បន្ទាប់មកគណៈអធិបតី និងអង្គពិធី បានបង្ហោះប៉េងប៉ោង ជាសក្ខីភាព បង្ហាញនូវភាពសុខក្សេមក្សាន្ត សម្បូរសប្បាយ ដល់ប្រជារាស្រ្តខ្មែរតរៀងទៅ៕