(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានយាងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំដែលរៀបចំឡើងដោយអ្នកប្រជាធិបតេយ្យកណ្តាលអន្តរជាតិ ( IDC-CDI) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប្រុចសែល ប្រទេសប៊ែកហ្សិក និងបន្តចូលរួមសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ការយាងចូលប្រជុំនេះបានធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានអ្នកប្រជាធិបតេយ្យកណ្តាលអន្តរជាតិ (IDC-CDI) និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ សន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP។

កិច្ចប្រជុំនេះគឺជាវេទិកាជួបជុំពិភាក្សារវាងអ្នកដឹកនាំគណបក្សនយោបាយ តំណាងរដ្ឋាភិបាល អង្គការ និងស្ថាប័នអន្តរជាតិនានាជាច្រើន។
ក្នុងឱកាសនៃកិច្ចប្រជុំនេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នឹងជួបពិភាក្សាការងារផ្សេងៗទៀតជាមួយបណ្ដាអ្នកដឹកនាំគណបក្សនយោបាយមកពីប្រទេសនានាផងដែរ៕