(អង់ការ៉ា)៖ នាយករដ្ឋមន្ត្រីតួកគីលោក Binali Yıldırım បានថ្លែងតាមកញ្ចក់ទូរទស្សន៍ រដ្ឋរបស់ខ្លួនថា ចាប់ពីតាំងរដ្ឋប្រហារ បានបញ្ចប់ទៅជាងមួយខែមកនេះ អាជ្ញាធរតួកគីបានសម្រេចឃុំខ្លួនមនុស្ស ៤០,០២៩នាក់ និង ចាប់ខ្លួនមនុស្ស ២០,៣៥៥នាក់ផ្សេងទៀត។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយសារព័ត៌មានរដ្ឋ តួកគី នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០១៦។
បន្ថែមពីលើជនស៊ីវិល អ្នកជំនួញ និងមន្ត្រីពាក់ព័ន្ធ ដែលត្រូវបានចាប់និងឃុំខ្លួនខាងលើនេះ ដោយឡែកសាលារៀន ១០៦១កន្លែង, អន្តេវាសិកដ្ឋាន ៨២៣កន្លែង, សមាគមចំនួន ១១២៥, និង មន្ទីរពេទ្យចំនួន ៣៥ កន្លែង ក៏ត្រូវបាន រដ្ឋាភិបាលបញ្ជាឲ្យបិទផងដែរ។ នេះជាប្រតិបត្តិការរបស់រដ្ឋាភិបាល ក្នុងការជីកឬសគលើពួកក្បត់ ជាពិសេស ស្ថាប័នឬបុគ្គលណាក៏ដោយ ដែលមានជាប់ពាក់ព័ន្ធ នឹងលោក Gulen ដែលតួកគីចោទថាជាមេខ្លោងធ្វើរដ្ឋប្រហារ។
គួរបញ្ជាក់តាមសម្តីរបស់ នាយករដ្ឋមន្ត្រីតួកគី កាលពីសប្តាហ៍មុននេះថា មន្ត្រីរដ្ឋាភិបាលប្រមាណ ៧៦,៥៩៧នាក់ ត្រូវបានផ្អាកពីការងារ ជាបណ្តោះអាសន្ន និង ៤,៨៩៧នាក់ ត្រូវបានបណ្តេញ ចេញតែម្តង ដោយក្នុងនោះជាង ៣,០០០នាក់គឺជាមន្ត្រីយោធា, ចៅក្រម, និងមន្ត្រីសាធារណ៕