(ក្រចេះ)៖ លោក ហឿ ស៉ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងមន្ត្រីចំណុះ ឲ្យរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ។

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់អតីតព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ។

លោកប្រធានក្រុមប្រឹក្សា លោកអភិបាលខេត្ត សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់កម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិ ជូនជាតិមាតុភូមិពេញបរិបូណ៌ ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

លោក វ៉ា ថន បានបញ្ជាក់ថា ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា លើកទី៧០ នាពេលនេះ មានអត្ថន័យជ្រាលជ្រៅណាស់ពីព្រោះបានមកវិញ នូវអ្វីៗដែលជាសិទ្ធិសេរីភាព របស់មនុស្សជាតិ និងកិត្តិយសរបស់ប្រជាជាតិ ដែលត្រូវមានអត្តសញ្ញាណជាតិ អធិបតេយ្យ បូរណភាពដែនដី មានព្រលឹងជាតិ និងអារ្យធម៌រុងរឿង និងមានសិទ្ធិស្វ័យសម្រេច លើជោគវាសនារបស់ខ្លួន។

លោកបញ្ជាក់ទៀតថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដមសីហនុ ព្រះអគ្គមគ្គុទ្ទេសក៍របស់ប្រជាជាតិខ្មែរ ទ្រង់បានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យឆ្នាំ១៨៥២ និងឆ្នាំ១៨៥៣។ តាមព្រះរាជសកម្មភាពដ៏មមាញឹករបស់ព្រះអង្គ ទាំងនៅក្នុងប្រទេស ទាំងនៅលើឆាកអន្តរជាតិ ប្រជាជនកម្ពុជា អនុវត្តតាមព្រះរាជតម្រិះរបស់ព្រះអង្គដោយបានចូលរួម ក្នុងចលនាកងជីវពលនារីក្លាហាន នៅទូទាំងប្រទេស ដើម្បីដង្ហែតាមព្រះរាជបូជនីយកិច្ចដឹកនាំស្នេហាជាតិដ៏ថ្លៃថ្លា របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង៕