(កំពត)៖ តាមការគ្រោងទុក រដ្ឋបាលខេត្តកំពត ចាប់ផ្ដើមរៀបចំពិធីប្រណាំងទូក «ង» តាមទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះហើយ។ តាមការប៉ាន់ប្រមាណ មានភ្ញៀវជាតិ-អន្តរជាតិ ពីទីជិតឆ្ងាយ មកទស្សនាកំសាន្តលេងយ៉ាងច្រើនកុះករ ជាក់ជាមិនខានឡើយ។

តាមមន្ត្រីដែលរៀបចំកម្មវិធីប្រណាំងទូក «ង» ខាងលើ បានឲ្យដឹងថា ទីតាំងប្រណាំងទូក «ង» គឺនៅដងព្រែកកំពុងបាយកំពត ចាប់ពីស្ពានឥន្ធនូចាស់ មកមុខសាលាខេត្តកំពត ដែលមានចម្ងាយប្រមាណ ១០០០ម៉ែត្រ ស្ថិតក្នុងសង្កាត់កំពុងកណ្ដាល ក្រុងកំពត។

ការប្រណាំងទូកមានរយៈពេល ២ថ្ងៃ នៅថ្ងៃទី១០-១១ ខែវិច្ឆកា ឆ្នាំ២០២៣ មានក្រុមទូក «ង»​ ចំនួន៣២ទូក មកចូលរួមប្រណាំង ដើម្បីដណ្ដើមយកជ័យលាភីរៀងៗខ្លួន។

មន្ត្រីបានផ្តល់សារអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសអបអរសាទរ និងចូលរួមមកទស្សនាកម្សាន្តលេងឲ្យបានច្រើនកុះករផងដែរ។ ក្នុងពិធីប្រណាំងទូកនេះ ដោយឡែកសម្រាប់ខេត្តកំពត ក៏បានរៀបចំធ្វើឡើង ដោយភាពអធិកអធម និងពោរពេញទៅដោយស្នាមញញឹម ព្រមទាំងភាពសប្បាយរីករាយ។ ជាក់ស្ដែង ទៅនឹងការរៀបចំពិធីបុណ្យអុំទូក នៃបុណ្យជាតិធំមួយ ក្នុងចំណោមបុណ្យជាតិធំៗរបស់កម្ពុជា ហើយក៏ជាកេរ្តិ៍តំណែលរបស់ដូនតាខ្មែរផងដែរ។

ក្នុងជំនួប និងសួរសុខទុក្ខដល់ក្រុមកីឡាចំណុះទូក «ង» ដែលបានមកចូលរួមការប្រកួតខាងលើនាពេលថ្មីនេះ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានថ្លែងថា ក្រោយពីប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងផ្ទៃប្រទេសរួចមក ព្រឹត្តិការណ៍ធំៗរបស់ជាតិ ត្រូវបានប្រារព្ធធ្វើឡើងវិញ ជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ភាពអង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរ ក្នុងការធ្វើសិកសង្គ្រាម ដើម្បីកម្ចាត់សត្រូវ ដែលឈ្លានពានចេញពីទឹកដីខ្មែរ ហើយក៏ជាកេរតំណែលពីដូនតាមកផងដែរ។

លោកអភិបាលខេត្ត បានផ្តាំផ្ញើទៅកាន់កីឡាករទាំងអស់ ត្រូវខិតខំបញ្ចេញទេព្យកោសល្យ និងសមត្ថភាពក្នុងការអុំដណ្តើមយកជ័យជម្នះ ដោយរក្សាឱ្យបាននូវក្រមសីលធម៌ ការអត់អោនអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីបង្ហាញឱ្យភ្ញៀវទេសចរអន្តរជាតិ បានឃើញនូវចំណងមិត្តភាព សាមគ្គីភាព របស់ជនជាតិខ្មែរ ដែលមានតាំងពីបុរាណកាលមក ហើយក្រុមកីឡាប្រណាំងទូកនេះ ក៏ជាចំណែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ។

លោកអភិបាលខេត្ត បានប្រាប់ទៅកាន់កីឡាករទូក និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដែលមានមកដល់សព្វថ្ងៃនេះ ដោយសម្តេចតេជោ ហ៊ុន សែន បាននាំយកមកដោយលំបាក និងបន្តគាំទ្រការដឹកនាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕