(រតនគិរី)៖ ដោយមានកិច្ចសហការល្អរវាងកម្លាំងនគរបាលខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង ១៨៖នាទីថ្ងៃទី៩ ខែវិច្ឆិកា ត្រង់ចំណុចផ្ទះសំណាក់មូនរតនៈ ក្រុងបានលុង។

លោកឧត្តមសេនីយ៍ត្រី មាស ពៅបូរ៉ា ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងក្រោមការសម្របសម្រួលនីតិវិធីពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសួ ពិសិដ្ឋ អាយុ៥២ឆ្នាំ មុខរបរពុំពិតប្រាដក មានទីលំនៅសព្វថ្ងៃ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ត្រី មាស ពៅបូរ៉ា បន្តថា មុនការឃាត់ខ្លួនជនសង្ស័យខាងលើ គឺយោងទៅលើពាក្យបណ្តឹងជនរងគ្រោះចំនួន៣នាក់ មានមុខរបរបំរើសេវាកម្មក្នុងហាង នៅសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកថា ដើមចមមុនដំបូង គឺជនសង្ស័យតាមរយៈមេការបានបបួលជនរងគ្រោះទាំង៣នាក់ ទៅញ៉ាំអីនៅផ្ទះសំណាក់មួយកន្លែងឈ្មោះ ម៉ា ណែល នៅក្រុងសែនមនោរម្យ។ លុះពេលទៅដល់ជនសង្ស័យបានឲ្យជនរងគ្រោះ ជួលបន្ទប់ផ្សេងៗគ្នា។

ស្រាប់តែមួយសន្ទុះក្រោយមក ពួកគេទាំង៣នាក់ ក៏បានបាត់សម្ភារមានតម្លៃមួយចំនួនដូចជា៖ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iphone 13 Promax ពណ៌ខៀវ លុយចំនួន២៩ម៉ឺនរៀល ខ្សែដៃចំនួន១ខ្សែ (សកម្មភាពដាក់ថ្នាំសណ្តំ) កាលពីវេលាម៉ោង ១៦៖២០នាទីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យរត់គេចខ្លួនមកសំងំនៅក្រុងបានលុងខេត្តរតនគិរី។ ជនសង្ស័យ ត្រូវបានជនរងគ្រោះប្រទះឃើញនៅក្រុងបានលុង ក៏បាននាំគ្នាប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ខ្លួនបានតែម្តង។

លោកឧត្តមសេនីយ៍ស្នងការរងរូបនេះ បញ្ជាក់ឲ្យដឹងទៀតថា វត្ថុតាងដកហូតរួមមាន៖ លុយដុល្លារក្លែងក្លាយចំនួន ៥,២០០ដុល្លារ លុយខ្មែរចំនួន២៣ម៉ឺនរៀល លុយដុល្លារចំនួន៤០ដុល្លារ ទូរស័ព្ទដៃចំនួន២គ្រឿង ខ្នាយជ្រូកព្រៃចំនួន១ និងបន្តោងព្រះចំនួន១។ រហូតដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីនគរបាលជំនាញ នៃអធិការក្រុងបានលុងបានប្រគល់ជនសង្ស័យ និងវត្ថុតាងខាងលើប្រគល់ជូនអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យខេត្តមណ្ឌលគិរីចាត់ការបន្តតាមនីតិវិធីច្បាប់៕