(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន រយៈពេល៧០ឆ្នាំមកនេះ បានបន្សល់នូវរសជាតិផ្អែមល្ហែម ស្អិតរមួត និងជូរចត់ ជាច្រើន។

ការលើកឡើងបែបនេះរបស់លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចពិភាក្សាពិសេសស្តីពី ចំណងមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីអបអរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅសាលសន្និសីទខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

បើតាមលោកបណ្ឌិតសភាចារ្យ សុខ ទូច ជូរចត់នោះកាលនៅឆ្នាំ១៩៤១ ប្រទេសជប៉ុន បានប្រើប្រាស់កម្លាំងកងទ័ពដេញអាណានិគម និយមបារាំង និងកងទ័ពថៃ ចេញពីទឹកដីកម្ពុជា នៅខេត្តបាត់ដំបង និងខេត្តឧត្តរមានជ័យ ឱ្យចេញពីទឹកដីកម្ពុជា។

លោកបណ្ឌិត សុខ ទូច ក៏បានរំលឹកថាបន្ទាប់ពីជប៉ុន ចាញ់សង្គ្រាមលោកលើកទី១ ក៏បានដកចេញពីកម្ពុជា ដំណាក់កាលនោះហើយភាពផ្អែមល្ហែមក៏បាត់បង់ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា មិនទាមទារសំណងគ្រាដែលជប៉ុន បានចូលមកត្រួតត្រាខ្មែរ ជំនួសបារាំងនោះទេ ដោយសារតែកម្ពុជា យល់ពីសុខទុក្ខរបស់ជប៉ុន ពីព្រោះចាញ់សង្គ្រាម និងធ្លាក់ខ្លួនក្រ។

ភាពផ្អែមល្ហែម នៅពេលដែលសេដ្ឋកិច្ចជប៉ុន មានការរីកចម្រើនប្រទេសជប៉ុន បានបំភ្លេចកម្ពុជានោះទេ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាច្រើនជួយដល់ប្រទេសកម្ពុជា។ រដ្ឋាភិបាលជប៉ុន បានជួយស្ថាបនាស្ពានឆ្លងទន្លេសាបមុនគេនៅកម្ពុជា គឺស្ពានជ្រោយចង្វារទី១ ដែលមាន ប្រវែង សរុប ៧០៩ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ តភ្ជាប់ ជាមួយផ្លូវជាតិលេខ៦A។ ស្ពាននេះ ត្រូវបានសង់ឡើងក្នុងឆ្នាំ១៩៦៣ ក្នុង សម័យសង្គមរាស្រ្តនិយម។

ជប៉ុនបានជួយស្ថាបនាស្ពានគីហ្សូណា ដែលជាស្ពានមួយឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងកំពង់ចាម នៃទីរួមខេត្តកំពង់ចាម។ ស្ពាននេះបានបើកសម្ភោធឲ្យប្រើប្រាស់នៅឆ្នាំ២០០១ ហើយក៏ជាស្ពានទី១ ដំបូងគេបំផុតដែលសាងសង់កាត់ទន្លេមេគង្គនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ ជប៉ុន ក៏បានបន្តស្ថាបនាស្ពានអ្នកលឿង ដែលជាប្រភេទស្ពានហាយវ៉េ ឆ្លងទន្លេមេគង្គភ្ជាប់ពីខេត្តកណ្តាល  ទៅខេត្តព្រៃ វែង និងឆ្ពោះទៅខេត្តស្វាយរៀង។

លោកបណ្ឌិត សុខ ទូច បានចាត់ទុកថា ស្ពានទាំង៣ ដែលជប៉ុន ជួយស្ថាបនានេះ គឺជានិមិត្តរូបនៃចំណងទាក់ទងត្រីកោណ ដែលជានិមិត្តសញ្ញាមហាអំណាចដ៏រឹងមាំ។

លោកបណ្ឌិតថា ជប៉ុន ក៏ជាហត្ថលេខីមួយដែលបានចូលរួមដោះស្រាយបញ្ចប់វិបត្តិនៅកម្ពុជា ព្រមទាំងបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួនឱ្យចូលរួមការពារដំណើរការបោះឆ្នោតនៅកម្ពុជា ក្នុងឆ្នាំ១៩៩៣។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនកម្ពុជា មានចំណងទំនាក់ទំនងយ៉ាងរឹងមាំជាមួយប្រទេសជប៉ុន ដោយមានជំនឿជឿជាក់ទៅលើរាល់អ្វីដែលជប៉ុនមាននៅកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការដំបូងនៅឆ្នាំ១៩៥៣ ហើយ ៧០ឆ្នាំក្រោយ គឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុត នៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។

ក្រោមចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ កម្ពុជា-ជប៉ុន បានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនឹងគ្នាជាច្រើនផងដែរ។ ក្នុងនោះកម្ពុជា បានគាំទ្រលើគោលនយោបាយរបស់ជប៉ុនមួយចំនួនមានដូចជា៖ ការរួមចំណែកយ៉ាងសកម្ម ដើម្បីសន្តិភាព និងកិច្ចសន្ទនាផ្សេងៗជាដើម៕