(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យគ្រប់បណ្ដាញអង្គភាពទ័ពទាំងអស់ ត្រូវបំពាក់សម្ភារៈបន្ថែមដើម្បីពង្រីកសមត្ថភាពជួយសង្គ្រោះ គ្រោះមហន្ដរាយដែលអាចកើតមានឡើងជាយថាហេតុ បន្ថែមពីលើអ្វីដែលធ្លាប់មានកន្លងមក។

ក្នុងឱកាសអញ្ជើញជាធិបតីភាព ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កន្លងទៅដើម្បីឆ្លើយតបគ្រោះមហន្ដរាយ កងយោធពលខេមរភូមិន្ទ បានបង្កើតនូវកងសង្គ្រោះគ្រោះមហន្ដរាយបន្ថែម នៅតាមបណ្ដាយោភូមិភាគ កងពលធំ និងកងពលតូចមួយចំនួន។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា មុនការបង្កើតកងសង្គ្រោះគ្រោះមហន្ដរាយ រចនាសម្ព័ន្ធកងយោធពលខេមរភូមិន្ទ មិនទាន់មានកងសង្គ្រោះនេះទេ ពោលរចនាសម្ព័ន្ធពីមុនបានត្រៀមលក្ខណៈសម្រាប់សង្គ្រាមបែបប្រពៃណីតែប៉ុណ្ណោះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «កន្លងទៅនៅឆ្នាំ២០២០ យើងបង្កើតកងសង្គ្រោះគ្រោះហមន្ដរាយបន្ថែម នៅតាមបណ្ដាយោធភូមិភាគ កងពលធំ និងកងពលតូចមួយចំនួនដែលពីមុនរចនាសម្ព័ន្ធអត់មានទេ។ រចនាសម្ព័ន្ធយើងពីមុនត្រៀមលក្ខណៈ សម្រាប់សង្គ្រោះបែបប្រពៃណី ការប្រយុទ្ធការពារបូរណភាពទឹកដី សង្គ្រាមទ័ពជាមួយទ័ព ប៉ុន្ដែតួនាទីភារកិច្ចរបស់យើងត្រូវប្រែប្រួល ការពង្រឹងនូវសមត្ថភាពបែបនេះ គឺជាកិច្ចការសំខាន់។ បញ្ជាការដ្ឋានទ័ពពិសេស បានបំពេញភារកិច្ចច្រើនណាស់ ការលិចលង់គ្រោះមហន្ដរាយ ឬបាក់អគារផ្សេងៗ ក៏មានការចូលរួម អញ្ចឹងត្រូវមានការបំពាក់ និងការរៀបចំកម្លាំងឲ្យរៀបរយ»

បន្ថែមពីនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគ្រប់អង្គភាពទ័ពទាំងអស់ ត្រៀមមធ្យោបាយសម្ភារគ្រប់បែបយ៉ាង និងកម្លាំង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយណាមួយ។ លើសពីនេះ គ្រប់អង្គភាពទាំងអស់ ជំរុញការការកសាងសេដ្ឋកិច្ចនៅនឹងកន្លែងដូចជា ការបង្ករបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ ដើម្បីធានាបានផាសុខភាព សុខុមាលភាព ផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួនផងដែរ៕

របាយការណ៍របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ស្ថានភាពទូទៅគ្រោះមហន្តរាយនៅកម្ពុជា សម្រាប់រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ គ្រោះមហន្តរាយទឹកជំនន់ គឺនៅតែឈរក្នុងលំដាប់លេខរៀងទី១ នៅកម្ពុជា។

ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផល់ប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី ខេត្តចំនួន២០, ប៉ះពាល់ប្រជាជនចំនួន ២៩,៤៨៩គ្រួសារ ដែលក្នុងនោះ ជម្លៀស ២,០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់ ៦នាក់ (ស្រ្តី៤) រងរបួស ៦នាក់ សាលារៀនលិចទឹក ៨៦កន្លែង។ ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវចំនួន ២២,៧១៣ហិកតា និងខូចខាត ៤,៥៨៣ហិកតា ដំណាំរួមផ្សំលិចទឹកចំនួន ៣,០២៦ហិកតា និងខូចខាត ១,២៩៧ហិកតា ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពចំនួន ៦,៨៧៨ក្បាល និងងាប់ ៦ក្បាល។

បន្ថែមពីលើនេះទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៥,០៦៩ម៉ែត្រ, ផ្លូវគ្រួសក្រហម បេតុង និងដីសប្រវែង ១៧៤,៨៧៦ម៉ែត្រ, ប៉ះពាល់ និងខូចខាតស្ពានឈើបេតុង និងស្ពានបាឡេចំនួន ៥៣កន្លែង៕