(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ ស្តីពីការអនុវត្តគម្រោងគាំទ្រការកែទម្រង់ថវិកានិងគណនេយ្យ ដំណាក់កាលទី៣។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ បណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា។

គម្រោងជំនួយបច្ចេកទេសសម្រាប់គាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥ ដែលអនុវត្តដោយទីភ្នាក់ងារអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស (Expertise France) បានចាប់ផ្តើមអនុវត្តដំណាក់កាលទី១ ចាប់ពីឆ្នាំ២០១៩ដល់ឆ្នាំ២០២១ និងដំណាក់កាលទី២ ចាប់ពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ ហើយនឹងត្រូវបន្តអនុវត្តសម្រាប់ដំណាក់កាលទី៣ ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៥ ដែលនឹងផ្តោតទៅលើការកសាងបទដ្ឋានគតិយុត្តចាំបាច់នានា និងការកសាងធនធានមនុស្ស ព្រមទាំងរួមបញ្ចូលផងដែរនូវសមាសភាគពាក់ព័ន្ធនឹងកត្តាបរិស្ថាន។

ជារួម គម្រោងជំនួយបច្ចេកទេសនៅដំណាក់កាលទី៣ សម្រាប់គាំទ្រការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ទទួលបានហិរញ្ញប្បទានចំនួន ៧០០ ០០០ អឺរ៉ូ ដែលផ្តល់ដោយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងអនុវត្តដោយទីភ្នាក់ងារអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស (Expertise France) មានគោលបំណងសំខាន់ចំនួន ២គឺ៖ ទី១). គាំទ្របច្ចេកទេសដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តចាំបាច់ផ្សេងៗ សម្រាប់បន្តអនុវត្តជាបន្តបន្ទាប់នូវខ្លឹមសារគោល ដែលមានចែងក្នុងច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ និង ទី២). រួមបញ្ចូលសមាសភាគពាក់ព័ន្ធនឹងកត្តាបរិស្ថាន ដែលមានទម្រង់ជាការចែករំលែកបទពិសោធន៍លើ ប្រធានបទនៃថវិកាតាមគោលការណ៍បៃតង និងការបោះផ្សាយមូលបត្រតាមគោលការណ៍បៃតង តាមការស្នើសុំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ជាការកត់សម្គាល់ ក្នុងវិស័យហិរញ្ញវត្ថុតាមគោលការណ៍បៃតង ប្រទេសបារាំងជាប្រទេសដំបូងគេដែលបង្កើត និងប្រើប្រាស់ឧបករណ៍វាស់ស្ទង់ផលប៉ះពាល់បរិស្ថាន ក្នុងថវិការបស់ខ្លួន ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានបោះផ្សាយមូលបត្រតាមគោលការណ៍បៃតង។

ក្នុងឱកាសនេះដែរ លោកស្រី Sandrine BOUCHER នាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ពិតជាមានកិត្តិយសក្នុងការបន្តការគាំទ្រដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីបានបំពេញការងាររួមគ្នាជាង ៤ឆ្នាំ ប្រកបដោយវឌ្ឍនភាពល្អ កន្លងមកនេះ។

ការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងហិរញ្ញវត្ថុតាមគោលការណ៍បៃតង គឺជាប្រធានបទដ៏សំខាន់ ហើយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) មានសេចក្តីសោមនស្សរីករាយ នឹងចែករំលែកចំណេះដឹង និងបទពិសោធន៍ដែលពាក់ព័ន្ធនឹងប្រធានបទនេះដល់មន្រ្តីជំនាញនៃក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុផងដែរ។

ក្នុងនាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្ឌិតសភាចារ្យ ជូ វិជិត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលបានបន្តកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ជាពិសេសការអនុវត្តច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការផ្លាស់ប្តូរបទពិសោធន៍នៃការកែទម្រង់ប្រព័ន្ធថវិកាបារាំង ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងប្រព័ន្ធថវិការបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវត្តជាអន្តរជាតិ និងតថភាពជាក់ស្តែងរបស់កម្ពុជា។

គម្រោងជំនួយបច្ចេកទេសនេះ គឺជាកាយវិការដ៏ល្អបង្ហាញពីការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនង និងកិច្ចសហការកាន់តែរឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ៕