(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យគ្រប់អង្គភាពទ័ពទាំងអស់ ត្រៀមមធ្យោបាយសម្ភារគ្រប់បែបយ៉ាង និងកម្លាំង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយណាមួយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ត្រៀមកម្លាំង និងមធ្យោបាយសម្ភារគ្រប់បែបយ៉ាង ដើម្បីចូលរួមជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយអាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ»

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យគ្រប់អង្គភាពទាំងអស់ ជំរុញការការកសាងសេដ្ឋកិច្ចនៅនឹងកន្លែងដូចជា ការបង្ករបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារ ដើម្បីធានាបានផាសុខភាព សុខុមាលភាព ផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់លោក គីម វីរៈ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅក្នុងឱកាសដែលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ស្ថានភាពទូទៅគ្រោះមហន្តរាយនៅកម្ពុជា សម្រាប់រយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ រួមមាន៖

*ទឹកជំនន់៖ គ្រោះមហន្តរាយទឹកជំនន់ គឺនៅតែឈរក្នុងលំដាប់លេខរៀងទី១ នៅកម្ពុជា។ ជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង បានបង្កផល់ប៉ះពាល់ និងខូចខាតដល់មូលដ្ឋានរាជធានី ខេត្តចំនួន២០, ប៉ះពាល់ប្រជាជនចំនួន ២៩,៤៨៩គ្រួសារ ដែលក្នុងនោះ ជម្លៀស ២,០២៩គ្រួសារ ប្រជាជនរងគ្រោះស្លាប់ ៦នាក់ (ស្រ្តី៤) រងរបួស ៦នាក់ សាលារៀនលិចទឹក ៨៦កន្លែង។ ទឹកជំនន់ក៏បានជន់លិចដំណាំស្រូវចំនួន ២២,៧១៣ហិកតា និងខូចខាត ៤,៥៨៣ហិកតា ដំណាំរួមផ្សំលិចទឹកចំនួន ៣,០២៦ហិកតា និងខូចខាត ១,២៩៧ហិកតា ជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាពចំនួន ៦,៨៧៨ក្បាល និងងាប់ ៦ក្បាល។ បន្ថែមពីលើនេះទឹកជំនន់បានប៉ះពាល់ផ្លូវជាតិ និងផ្លូវខេត្ត ប្រវែង ៥,០៦៩ម៉ែត្រ, ផ្លូវគ្រួសក្រហម បេតុង និងដីសប្រវែង ១៧៤,៨៧៦ម៉ែត្រ, ប៉ះពាល់ និងខូចខាតស្ពានឈើបេតុង និងស្ពានបាឡេចំនួន ៥៣កន្លែង។

*រាំងស្ងួត៖ ការទទួលរងឥទ្ធិពលអាកាសធាតុអែលនីណូ កម្រិតខ្ពស់បានធ្វើឱ្យដំណាំកសិកម្មទទួលការប៉ះពាល់ជាបន្តបន្ទាប់ចាប់តាំងពីខែមីនាមក។ មូលដ្ឋានរាជធានី-ខេត្តចំនួន១១ បានទទួលរងផលប៉ះពាល់ជាពិសេសលើ ដំណាំស្រូវចំនួន ៨៦,០៧១ហិកតា ខូចខាត ៣,៤៧៦ហិកតា និងដំណាំផ្សេងទៀតប៉ះពាល់ចំនួន ២៥,៤០៩ហិកតា ខូចខាត ១៥,២៩០ហិកតា។

*ខ្យល់កន្រ្តាក់៖ ស្ថានភាពខ្យល់កន្រ្តាក់នៅតែបន្តកើតមានក្នុងកម្រិតមធ្យមដែលក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ខ្យល់កន្រ្តាក់បានកើតមានចំនួន ២៦៣លើក ក្នុងក្របខណ្ឌទូទាំងប្រទេសដែលបណ្តាលឱ្យរលំផ្ទះ និងខូចខាតធ្ងន់ធ្ងរចំនួន ១,៩៥៦ខ្នង របើកដំបូលនិងខូចមធ្យម ១២,៦៦៤ខ្នង ប្រជាជនរងគ្រោះស្លាប់៩នាក់ និងរបួស ១៦៩នាក់ របើកដំបូលសាលារៀន ៩១អគារ។

*រន្ទះបាញ់៖ គ្រោះមហន្តរាយដោយរន្ទះកើតមានចំនួន ១២៥លើក នៅមូលដ្ឋានរាជធានី-ខេត្ត ចំនួន២១ ដែលបណ្តាលអោយ ស្លាប់ ៧៣នាក់ (ស្រ្តី៩ ក្មេង៧) របួស ៥៥នាក់ ងាប់គោ ក្របី ៩៣ក្បាល និងខូចខាតផ្ទះ ១២ខ្នង។

*បាក់ស្រុតច្រាំងទន្លេ ស្ទឹង៖ កើតមានចំនួន ២៧ករណី នៅរាជធានី-ខេត្ត ចំនួន៨, ផ្ទះខូចខាតនិងបាក់ស្រុតចូលក្នុងទឹក ៣១ខ្នង ផ្ទះរំកិលនិងរុះរើចេញចំនួន ១៧៥ខ្នង។

*ជំងឺគ្រុនឈាម៖ ដោយសារឆ្នាំនេះជាវដ្តនៃជំងឺគ្រុនឈាមដែលបណ្តាលឱ្យស្ថានភាពនៃជំងឺមានការកើនឡើង២ដង ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ក្នុងនោះរយៈពេល ៩ខែ ឆ្នាំ២០២៣នេះជំងឺគ្រុនឈាមបានកើតមានចំនួន ១៩,០០០ករណី ក្នុងក្របខណ្ឌទូទាំងប្រទេសដែលបណ្តាលឱ្យស្លាប់ចំនួន ៣៤នាក់។

*អគ្គីភ័យ៖ អគ្គីភ័យបានកើតមានចំនួន ៤៧២ករណី ក្នុងក្របខណ្ឌទូទាំងប្រទេសដែលក្នុងនោះឆេះផ្ទះ ៥២៤ខ្នង-ល្វែង តូបលក់ដូរ ៧៩តូប រោងចក្រ និងរោងសិប្បកម្ម ៩កន្លែង។ ឆេះខូចខាតចំការកៅស៊ូ តាងែន ស្វាយចន្ទី និងអាកាស្យា ៥៧ហិកតា។

*ឧបទ្ទវហេតុផ្លូវគោក៖ គ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវកើតមានចំនួន ២,៣៨២លើក ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានសម្លាប់មនុស្សចំនួន ១,១៣២នាក់ និងរបួសធ្ងន់ ស្រាល ចំនួន ៣,២១១នាក់។

*ឧបទ្ទវហេតុផ្លូវទឹក៖ កើតមានចំនួន ៩ករណី លិចទូកនេសាទសមុទ្រ ២គ្រឿង ការណូតដឹកអ្នកទេសចរណ៍ ១គ្រឿង សាឡង់ ដឹកខ្សាច់ ១គ្រឿង លិ ចទូកម៉ាស៊ីននៅទន្លេមេគង្គ និងទន្លេសាប ៤គ្រឿង និងបានសម្លាប់មនុស្សចំនួន ៨នាក់ (ស្រ្តី៣ ក្មេង៥) និងជួយសង្រ្គោះ ៣៣នាក់៕