(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះភាពរីកចម្រើន និងសមត្ថភាពរបស់ កងទ័ពឆ័ត្រយោងកម្ពុជា ដែលពេលនេះ មានកន្លែងហ្វឹកហ្វឺនល្អប្រសើរ និងមានសមត្ថភាពអាចលោតចំគោលដៅ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពពិសេស ចំពោះសមិទ្ធផលទាំងឡាយ ដែលសម្រេចបានរយៈពេល ២៨ឆ្នាំមកនេះ ដែលអង្គភាពបានដើរតួនាទីសំខាន់លើគ្រប់វិស័យ និងចូលរួមបេសកកម្ម ការពារបូរណភាពទឹកដី ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ ក៏ដូចជាបេសកកម្មដោះមីនជាដើម ​ជាពិសេសគឺការចូលរួមជួយប្រជាពលរដ្ឋដែលមានគ្រោះថ្នាក់ផ្សេងៗកន្លងមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអភិវឌ្ឍរបស់បញ្ជាការដ្ឋានកងទ័ពពិសេស មិនអាចកាត់ផ្តាច់ចេញពីតួអង្គសំខាន់នោះ លោក ចាប ភក្តី ដែលបច្ចុប្បន្នជា រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលអតីតជាមេបញ្ជាការ នៃបញ្ជាការដ្ឋានកងទ័ពពិសេស ដែលបានដឹកនាំអង្គភាព២៨ឆ្នាំមកនេះ ដោយកសាង និងសម្រេចបាននូវសមិទ្ធផលជាច្រើន។

ការបណ្តុះបណ្តាលយោធិន នៅក្នុងបញ្ជាការដ្ឋានកងទ័ពពិសេស មិនមែនត្រឹមតែសម្រាប់អង្គភាព ប៉ុន្តែសម្រាប់ទូទាំងកងទ័ពតែម្តង។ ការរៀបចំបង្កើតសាលាទ័ពជំនាញតេជោសែនឱរ៉ាល់ ក៏ដូចជាសាលាមុជទឹក កើតឡើងពីការខិតខំពុះពារជាពិសេស ពីសំណាក់មេបញ្ជាការកងទ័ពពិសេសតែម្តង។

សម្តេចបានបញ្ជាក់ថា «នៅទីនេះយើងឃើញថា មានការហក់ឆ័ត្រយោងបានល្អ ហើយសូមកោតសរសើរដល់យោធិនដែលបានលោតចំគោលដៅល្អ ទីនេះជាការចាប់ផ្តើមដំបូង នៃការហ្វឹកហ្វឺន និងកសាងកម្លាំង»

សម្តេចបានរំលឹកថា ទីតាំងលោតឆ័ត្រយោង កន្លងទៅមានការផ្លាស់ប្តូរជាច្រើនដង ហើយមានការលំបាកដោយសារតែពុំមានទីតាំងហ្វឹកហ្វឺនច្បាស់លាស់។ ប៉ុន្តែក្រោយមក ដោយមានការគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន, ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន រួមទាំងតួអង្គសំខាន់ មេដឹកនាំអង្គភាព ទើបពេលនេះ យើងមានសាលាហ្វឹកហ្វឺនមួយនៅតំបន់ឱរ៉ាល់ ដែលមានលក្ខណៈយូរអង្វែង សម្រាប់ជំនាញលោតឆ័ត្រ ជំនាញប្រឆាំងភេរវកម្ម និងជំនាញទ័ពពិសេស ក៏ដូចជាសមិទ្ធផលកោះតាកៀវ រួមទាំងសមិទ្ធផលផ្សេងទៀតជាច្រើន។

​សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ សមិទ្ធផលនេះ ក៏កើតឡើងដោយការចូលរួមរបស់ប្រទេសជាមិត្ត ដៃគូសម្ព័ន្ធមេត្រីភាព និងសប្បុរសជនជាច្រើន។ សម្តេចសូមយកឱកាសនេះ ថ្លែងអំណរគុណចំពោះតួអង្គទាំងអស់ ដែលបានចូលរួមជួយ និងសហការ ដើម្បីភាពរីកចម្រើននៃទ័ពពិសេសកម្ពុជា៕