(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងការពារ អគ្គមេបញ្ជាការដ្ឋាន និងគ្រប់បញ្ជាការដ្ឋានកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់លើការគំរាមកំហែងពីសន្តិសុខ សុវត្ថិភាពផ្នែកបច្ចេកវិទ្យា (Cyber) ពង្រឹងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យា សុវត្ថិភាពទិន្នន័យ សុវត្ថិភាពប្រព័ន្ធទំនាក់ទំនង ពិសេសការសម្ងាត់ក្នុងក្រសួង បញ្ជាការដ្ឋាននីមួយៗ។

ការណែនាំរបស់សម្ដេចធិបតី នាយឧត្តមសេនីយ៍ ធ្វើឡើងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «សូមឱ្យក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងកម្លាំងនានា យកចិត្តទុកដាក់លើការគំរាមកំហែងបច្ចុប្បន្ន និងទៅអនាគតមួយទៀត គឺការគំរាមកំហែងពីសន្តិសុខបច្ចេកវិទ្យា សាយប័រ»

សម្ដេចធិបតីបានបន្តថា កិច្ចការងារខាងលើនេះគឺជាការចាំបាច់ដែលត្រូវយកចិត្តទុកដាក់ ខណៈកងយោធពលខេមរភូមិន្ទគឺមានទំនើបកម្មហើយលើផ្នែកបច្ចេកវិទ្យា។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្តណែនាំដល់ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការកងទ័ពទាំងអស់ពិនិត្យ និងពង្រឹងស្ថាប័នរបស់ខ្លួន នីតិវិធី យន្តការសម្រាប់គ្រប់គ្រងគ្រប់គ្រងនូវសុវត្ថិភាពប្រព័ន្ធទិន្នន័យ សុវត្ថិភាពប្រព័ន្ធទំនាក់ទំនងណាមួយទេ ពិសេសកងទ័ពចាំបាច់ត្រូវមានការសម្ងាត់ខ្ពស់។

អ្វីដែលសម្ដេចធិបតីសង្កត់ធ្ងន់នោះ គឺត្រូវប្រើប្រាស់បច្ចេកវិទ្យាជាប្រយោជន៍សម្រាប់ជាតិ តែក៏ត្រូវជៀសវាងការបង្កជាអាវុធមុខ២ អ៉ីចឹងសម្ដេចធិបតីបានក្រើនរំឭកដល់នាយកដ្ឋានបញ្ជូនសារ ទីចាត់ការ បញ្ជាការដ្ឋានបញ្ជូនសារ ត្រូវពិនិត្យមើលរចនាសម្ពន្ធ ថាតើគ្រប់គ្រាន់ឬទេ? តើក្រុមព័ត៌មានវិទ្យា IT ដែលយើងមាន តើមានការប្រទាក់ក្រឡាគ្នាគ្រប់គ្រងប្រព័ន្ធសាយប័រទូទាំងកងទ័ពហើយឬនៅ? ម្យ៉ាងទៀតក៏ត្រូវរៀបចំឱ្យមានរចនាសម្ពន្ធ តួនាទី ភារកិច្ចឱ្យបានត្រឹមត្រូវផងដែរ៕