(ប៉េកាំង)៖ អធិការមួយក្រុម ដែលមានព្រះសង្ឃចំនួន១០អង្គ បានជួយចាប់ខ្លួនព្រះសង្ឃក្លែងក្លាយជាង៦០០នាក់ នាភ្នំ Wutai ដើម្បីទប់ស្កាត់ជនបោកប្រាស់ និងបន្លំនៅភ្នំដ៏សក្តិសិទ្ធនេះ។ នេះបើតាមសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ឆ្នាំនេះ។
ទីគោរពសក្ការៈដ៏ល្បីនៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន បានទាក់ទាញអ្នកមានជំនឿ និងក្រុមភ្ញៀវទេសចរ រាប់លាននាក់ជារៀងរាល់ឆ្នាំ។ ហើយវាក៏ត្រូវបានគេដឹងដែរថា មានព្រះសង្ឃក្លែងក្លាយ ដែលបោកប្រាស់ប្រាក់តាមរយៈការទស្សន៍ទាយ, បិណ្ឌបាត និងការសម្តែងតាមដងផ្លូវ។
«យើងកំពុងព្យាយាមដើម្បីលុបបំបាត់ករណីឆបោក ហើយក្រុមអធិការកិច្ចព្រះសង្ឃ បានធ្វើឡើងយ៉ាងល្អ» នេះបើតាមមន្ត្រីមួយរូប នៃការិយាល័យកិច្ចការសាសនា។
ព្រះសង្ឃ Yiliang ជាប្រធានក្រុម បានឲ្យដឹងថា ពួកគេទទួលស្គាល់ព្រះសង្ឃក្នុងតំបន់ ហើយពួកគេបានឃើញព្រះសង្ឃដែលមិនធ្លាប់ស្គាល់មុខ បង្ហាញបណ្ឌសំគាល់ និងព័ត៌មានលម្អិតអំពីដំណើរទស្សនកិច្ចរបស់ពួកគេ។ «ប្រសិនបើពួកគេមិនបង្ហាញយើង នូវបណ្ឌសំគាល់ខ្លួនជាព្រះសង្ឃ របស់ព្រះពុទ្ធសាសនានោះទេ យើងនឹងដោះស្បង់ជីវពួកគេចេញ ហើយបញ្ជារឲ្យចាកចេញពី និងរាយការណ៍ទៅកាន់ប៉ូលិស»។
គិតរហូតមកដល់ពេលនេះ ក្រុមអធិការកិច្ចព្រះសង្ឃ បានរកឃើញព្រះសង្ឃក្លែងក្លាយជាង៦០០នាក់ និងដកហូតស្បង់ជីវជាង៥០០សម្រាប់ ចាប់តាំងពីក្រុមបានបង្កើតឡើង។ ក្រុមអធិការព្រះសង្ឃ ក៏បានរកឃើញមានជាង១០០ករណី នៃព្រះសង្ឃដែលបានប្រព្រឹត្តបំពានសាសនាផងដែរ៕