(ឡាវ)៖ តបតាមការអញ្ជើញរបស់លោក Ngampasong Muongmany រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនឡាវ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាអាស៊ាន រួមមាន ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ។

នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនាអាស៊ាន នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ នាព្រឹកនេះលោកអគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការតភ្ជាប់ដោយគ្មានការរាំងស្ទះ ការបង្កើនសមាហរណកម្មកាន់តែប្រសើរនៅទូទាំងតំបន់អាស៊ាន ព្រមទាំងការធានានូវសុវត្ថិភាព និងនិរន្តរភាព នៃបណ្តាញដឹកជញ្ជូនរបស់អាស៊ាន។

បន្ទាប់ពីកិច្ចប្រជុំនេះលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាបាយការងារថ្ងៃត្រង់ រវាងរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក។ នៅក្នុងពិធីនោះក៏មានការផ្លាស់ប្តូរទស្សនៈស្តីពីភាពធន់ និងនិរន្តរភាពនៃច្រវាក់ផ្គត់ផ្គង់ ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ក៏ដូចជា ការផ្តល់ហិរញ្ញប្បទាននៃហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពជាដើម។

នៅរសៀលថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ លោកបណ្ឌិត កៅ គឹមហួន បានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន-ចិន លើកទី២២ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ក្រោមផែនការយុទ្ធសាស្ត្រឆ្នាំ២០២១-២០២៥ សម្រាប់កិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-ចិន ជាពិសេសការខិតខំប្រឹងប្រែងពង្រឹងឌីជីថលនីយកម្ម កាត់បន្ថយការបំភាយឧស្ម័នកាបូន សុវត្ថិភាព និងប្រសិទ្ធភាពនៃខ្យល់ ការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកជាដើម។

នៅរសៀលនេះដែរលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក នាឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី ២៩។ នៅក្នុងឱកាសនោះភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីគំនិតផ្តួចផ្តើមរបស់អាស៊ាន ពាក់ព័ន្ធនឹងសុវត្ថិភាពផ្លូវ សុវត្ថិភាពអាកាសចរណ៍ និងការកាត់បន្ថយការបំភាយឧស្ម័នកាបូន នៃវិស័យដឹកជញ្ជូន។

លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ លោក Kang Hee-up ស្នងការនៃស្នងការដ្ឋានដឹកជញ្ជូនទីក្រុងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកញ្ជូនសាធារណរដ្ឋកូរ៉េ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីវឌ្ឍនភាព នៃការអនុវត្តគម្រោង និងសកម្មភាពនានា នៅក្រោមផែនទីចង្អុលផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-សាធារណរដ្ឋកូរ៉េ ឆ្នាំ២០២២-២០២៥។ លោកអគ្គលេខាធិការអាស៊ាន ក៏បានសំដែងនូវអំណរគុណចំពោះជំនួយរបស់កូរ៉េ សម្រាប់ការបញ្ចប់ការសិក្សាស្តីពីការកសាងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រាប់ចលតភាពឆ្លាតវៃអាស៊ាន ដែលនឹងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រចលតភាពឆ្លាតវៃអាស៊ាន និងផែនការសកម្មភាពរបស់យុទ្ធសាស្ត្រនេះ។

នៅល្ងាចថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តហ្លួងប្រាបាង ប្រទេសឡាវ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន នៃកម្ពុជា។ លោកអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរសាទរចំពោះលោក ប៉េង ពោធិ៍នា សម្រាប់ការតែងតាំងជារដ្ឋមន្ត្រី នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានកោតសរសើរប្រទេសកម្ពុជាដែលបានចូលរួមយ៉ាងសកម្ម នៅក្នុងសកម្មភាព និងគំនិតផ្តួចផ្តើមនានា សំដៅកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនតំបន់ និងលើកកម្ពស់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនឱ្យមានប្រសិទ្ធភាព ក្នុងគោលដៅពង្រឹងការតភ្ជាប់ និងសម្រួលចលតភាពនៃប្រជាជន ទំនិញ និងសេវានៅទូទាំងតំបន់៕