(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីអបអរសាទរខួបលើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) ដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍ពីអាណានិគមនិយមបារាំង។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ២០២៣នេះ ប្រារព្ធធ្វើក្រោមអធិបតីភាពលោក ហាក់ វិមាន សមជិកក្រុមប្រឹក្សាខេត្ត និងលោក ស៊ី សួន អភិបាលស្តីទីខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ស៊ី សូន បានអាននូវប្រវត្តិសង្ខេបពីបូជនីយកិច្ចទាមទាឯករាជ្យនៅកម្ពុជាពីសំណាក់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលព្រះអង្គទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យនៅកម្ពុជាពីអាណានិគមនិយមបារាំង។

សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសម្ដែងនូវមនោសញ្ចេតនាសប្បាយរីករាយអបអរសាទរ ដឹងគុណទិវាជាប្រវត្តិសាស្ត្រ ដែលកម្លាំងមហាសាមគ្គីជាតិទាំងមូលរបស់កម្ពុជា ដណ្ដើមបានទាំងស្រុងមកវិញនូវឯករាជ្យជាតិជូនជាតិមាតុភូមិពេញបរិបូណ៌ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយបានដាក់កម្រងផ្កានៅមុខព្រះឆាយាលក្ខណ៍របស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ។

អភិបាលស្តីទីខេត្តស្ទឹងត្រែងបានបញ្ជាក់ទៀតថា សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាបំផុតធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យឲ្យប្រទេសកម្ពុជាបានរួចផុតពីអាណានិគមនិយមបារាំង ហើយប្រកាសឯករាជ្យនៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ វីរភាពដ៏អង់អាចក្លាហាននេះ គឺជាគម្រូដ៏ល្អដល់កូនខ្មែរជំនាន់ក្រោយក្នុងការកសាងការពារបូរណភាព និងអភិវឌ្ឍន៍ជាតិឲ្យកាន់តែមានការរីកចម្រើនទៅថ្ងៃអនាគត៕