(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណលោក ស៉ី ជីនពីង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តីចិន ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកានេះ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសារលិខិតអបអរសាទររបស់ ឯកឧត្តមអគ្គលេខាធិការ ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភាពដែកថែបកម្ពុជា-ចិន ក្នុងដំណាក់កាលនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នា យុគសម័យថ្មី។

ខ្ញុំសូមឆ្លៀតឱកាសនេះ សម្តែងនូវការអបអរសាទ រចំពោះការរៀបចំវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ នៅទីក្រុងប៉េកាំង ប្រកបដោយជោគជ័យ និងសូមស្វាគមន៍គំនិតផ្តួចផ្តើមសកលថ្មីៗ ក្រោមការដឹកនាំរបស់ ឯកឧត្ដមអគ្គលេខាធិការ។ ខ្ញុំជឿជាក់ថា ប្រទេសចិននឹងដើរតួនាទីថ្មី នៅក្នុងការជំរុញភាពជាដៃគូពិភពលោកឱ្យរស់ឡើងវិញ តាមរយៈកិច្ចសន្ទនា ដើម្បីលើកកម្ពស់ការយោគយល់គ្នា និងភាពជឿជាក់គ្នាទៅវិញទៅមកក្នុង ចំណោមគណបក្សនយោបាយ រដ្ឋាភិបាល និងប្រជាជន ដើម្បីសន្តិភាពនិងវិបុលភាពរួម ជាពិសេសជាកម្លាំង ចលករនៃការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

ខ្ញុំសូមគាំទ្រដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចំពោះការកំណត់ឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា និងចិន ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការត្បូងពេជ្យរួមទាំង កិច្ចសហប្រតិបត្តិការបក្សនិងរដ្ឋក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនានា នឹងផ្ដល់ប្រយោជន៍ជាក់ស្តែងដល់ ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំរីករាយនឹងទទួលយកកិច្ចសហប្រតិបត្តិការ និងឆន្ទៈធ្វើការរួមគ្នា ដើម្បីការផ្លាស់ប្ដូរនិងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន កាន់តែស៊ីជម្រៅនៅក្នុងសហគមន៍ជោគវាសនា រួម ក្នុងយុគសម័យថ្មីដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ ប្រទេស និងប្រជាជនទាំងពីរ។

សូមជូនពរ ឯកឧត្តម សូមមានសុខភាពល្អបរិបូរណ៍ ដើម្បីបន្តដឹកនាំបក្ស និងរដ្ឋចិន និងគំនិតផ្តួចផ្ដើមសកលនានា ដែលជាប្រយោជន៍ និងវិបុលភាពរួមរបស់មនុស្សជាតិ»៕