(កំពង់ចាម)៖ ស្ពានដែកបេទ្បេមួយនៅចំណុចវាលត្រដក់ពង ភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានស្ថាបនារួចរាល់ និងបានដាក់ជូនប្រជាពលរដ្ឋប្រើប្រាស់ នាព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០២៣ ក្រោមវត្តមានចូលរួមពីអាជ្ញាធរស្រុក តំណាងរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋប្រមាណជាង១០០នាក់, នេះបើតាមការបញ្ជាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ប្រជាពលរដ្ឋបានសម្តែងនូវការអបអរសាទរ និងគោរពអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពួកគាត់ តួយ៉ាងដូចក្នុងពេលនេះ សម្តេចបានផ្តល់ជាសមិទ្ធផលស្ពានដែកបេទ្បេឆ្លងកាត់បណ្តោះអាសន្ន ដើម្បីបង្កលក្ខណងាយស្រួលក្នុងការដំណើរ និងដឹកកសិផលទៅកាន់ទីផ្សារ ជំនួសស្ពានបេតុងដែលបានទទួលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះ ក៏ដូចជាថ្លែងអំណរគុណចំពោះ​លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទគ្រប់លំដាប់ថ្នាក់ ដែលបានចុះមកជួយអន្តរាគមន៍ទាន់ពេលវេលា៕