(ភ្នំពេញ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានបញ្ឈប់ការចេញអាជ្ញាបណ្ណវាយថ្ម ចាប់ពីពេលនេះតទៅ ព្រោះចង់អភិរក្ស និងមិនចង់ឃើញភ្នំទាំងអស់នៅក្នុងប្រទេសកម្ពុជា មានការរិចរិល។
តាមរយៈវីដេអូខ្លីមួយដែលបង្ហោះក្នុងបណ្តាញសង្គមផ្លូវការរបស់ក្រសួង លោករដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានដាក់បញ្ជារួចហើយ គឺមិនឲ្យមានការចេញអាជ្ញាប័ណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន ព្រោះចង់ឲ្យមានការអភិរក្ស ឲ្យមានតុល្យភាព ជាមួយការអភិវឌ្ឍន៍។ សភាពការណ៍បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ថ្មសំណង់នៅកម្ពុជាសព្វថ្ងៃនេះ គឺមិនខ្វះទេ ចង់តម្រូវការប៉ុន្មាន ឯកជនអាចផ្គត់ផ្គង់បាន ក្នុងស្ថេរភាពតម្លៃមួយល្អ មិនថ្លៃនោះទេ»។
រដ្ឋមន្ដ្រី កែវ រតនៈ បានលើកឡើងថា លោកមិនចង់ឃើញភ្នំទាំងអស់កញ្ឆតទាំងអស់នោះទេ ព្រោះថា ភ្នំខ្លះមានតម្លៃប្រវិត្ដសាស្ដ្រ, ភ្នំខ្លះ មានតម្លៃវប្បធម៌, ភ្នំខ្លះ មានតម្លៃអេកូទេសចរណ៍ ឬមួយក៏ការលម្អ។
បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានឲ្យដឹងថា លោកបានបញ្ហាឲ្យអគ្គនាយកដ្ឋានធនធានរ៉ែ ធ្វើកិច្ចការជាមួយមន្ទីររ៉ែ និងថាមពល គ្រប់រាជធានី-ខេត្ដ ហើយអាចឈានទៅពិគ្រោះយោបល់ជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ ដើម្បីថែរក្សាភ្នំទាំងនោះ ដោយលោកបានលើកជាឧទាហរណ៍ថា «យើងមិនចង់បាត់ភ្នំនាងកង្រី ជាវាលទំនាបនោះទេ»៕