(ភ្នំពេញ)៖ លោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅព្រឹកថ្ងៃទី១៨ ខែសីហា បានចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី សំណុំរឿងសូកប៉ាន់សាក្សី។ ការសាកសួរនេះ ធ្វើឡើងដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ថា លោក ប៉ា ងួនទៀង ពាក់ព័ន្ធនឹង សំណុំរឿង មន្ត្រីសិទ្ធិមនុស្សអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប ដែលតុលាការបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី។
លោកបន្ថែមថា ដីកាកោះនេះជានីតិវិធីរបស់តុលាការ ករណីតុលាការយល់ថា សាក្សីមានប្រយោជន៍ក្នុងសំណុំរឿងនេះ។
សូមជំរាបថា មន្ត្រីអាដហុក៤រូប និងមន្ត្រីគជប ជាប់ចោទពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ដល់អ្នកនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឲ្យអ្នកនាងនិយាយការពិតប្រាប់សមត្ថកិច្ច ចំពោះរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា៕