(កោះកុង)៖ អាជ្ញាធរឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង បានធ្វើលិខិតស្នើសុំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឲ្យជួយទប់ស្កាត់កុំឱ្យចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើក្បាលដី ចំនួន១០៦ក្បាលដី ស្មើនឹងផ្ទៃដី ១០៣០ហិកតា ស្ថិតនៅក្នុងដីព្រៃសហគមន៍ និងក្បាលដីចំនួន ០៧ក្បាលដី ស្មើនឹង ៦២ហិកតា ស្ថិតនៅក្នុងដីចាក់សំរាម ស្ថិតនៅភូមិជ្រោយប្រស់។

យោងតាមលិខិតរបស់លោក ពុំ ធឿន ជាមេឃុំ ជ្រោយប្រស់ បានបញ្ជាក់ថា កន្លងមក រដ្ឋបាលឃុំជ្រោយប្រស់ បានស្នើសុំកាត់ឆ្កៀលដីទៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានបែងចែកដី ជា៤ប្រភេទគឺ ទី១៖ ដីសម្រាប់បែងចែកជូនប្រជាពលរដ្ឋ, ទី២៖ ដីបម្រុងទុក, ទី៣៖ ដីព្រៃសហគមន៍ និង៤៖ ដីសម្រាប់ចាក់សំរាម បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៣០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ និងអនុក្រឹត្យលេខ៤៦ អនក្រ.បក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ដោយឡែកនៅឃុំជ្រោយប្រស់ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងលេខៈ០១៧២២ សសរ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកោះកុង ស្តីពីការប្រកាសតំបន់វិនិច្ឆ័យវាស់វែងដីដែលមាន លក្ខណៈជាប្រព័ន្ធ ចំនួន០២ភូមិ គឺភូមិថ្មី និងភូមិជ្រោយប្រស់ នៃឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

ក្រោយពីក្រុមការងារវាស់វែងមានលក្ខណៈជាប្រព័ន្ធ (ក្រុម២) បានបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការរដ្ឋបាល បានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិច្ឆ័យបញ្ជីក្បាលដី ដែលមានលក្ខណៈជាប្រព័ន្ធ ចំនួន០២ភូមិ គឺភូមិថ្មី និងភូមិជ្រោយប្រស់ នៃឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី១០-២៤ ខែកក្កដា ឆ្នាំ២០២៣។ នៅក្នុងកំឡុងបិទផ្សាយនោះ រដ្ឋបាលឃុំជ្រោយប្រស់ រួមទាំងលោកមេភូមិថ្មី និងភូមិជ្រោយប្រស់ បានពិនិត្យឃើញថា នៅក្នុងផែនទីបិទផ្សាយនោះ មានក្បាលដីចំនួន១០៦ក្បាលដី ស្មើ នឹងផ្ទៃដី ១,០៣០ហិកតា ស្ថិតនៅក្នុងដីព្រៃសហគមន៍ និងចំនួន០៧ក្បាលដី ស្មើនឹង៦២ហិកតា ស្ថិតនៅក្នុងដីសម្រាប់ទុកចាក់សំរាម។

អាជ្ញាធរមូលដ្ឋានបានទទូចសុំឱ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែន ជួយមានចំណាត់ការទប់ស្កាត់ ដើម្បីរក្សាជាទ្រព្យសម្បត្តិរដ្ឋ និងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋក្នុងឃុំជ្រោយប្រស់៕