(សៀមរាប)៖ ខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ថ្ងៃទី៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្ររបស់ប្រជាជាតិកម្ពុជាទទួលបានឯករាជ្យពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅខេត្តសៀមរាប ក៏បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣ ទោះបីព្រះអង្គ បានយាងចូលទីវង្គតក៏ពិតមែន តែស្មាតី ៩ វិច្ឆិកា បានស្ថិតនៅជាប់ក្នុងក្រអៅបេះដូងប្រជានុរាស្ត្រខ្មែគ្រប់រូប នូវស្នាព្រះហស្តរបស់ព្រះអង្គដល់សង្គមខ្មែ រទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយព្រះបញ្ញាញាណ ដ៏ភ្លឺថ្លាគ្រប់កាលៈទេសៈ ដឹកនាំប្រទេសជាតិក្នុងសម័យសង្គមរាស្ត្រនិយម។
ពិធីនេះដែរ បានធ្វើងឡើងក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត, លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មេបញ្ជាការ កងពលធំ កងពលតូច មេបញ្ជាការ មេបញ្ជាការរង តំបន់ប្រតិបត្តិការសិករងខេត្តចំណុះឲ្យយោធភូមិភាគទី៤ ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ អាជ្ញាធរក្រុង សហភាពសហពន្ធ័យុវជនកម្ពុជា ក្រុមយុវជនកាយឫទ្ធិ គរុសិស្ស សិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
នៅតាមបណ្តាផែនមេបញ្ជាការយោធភូមិភាគ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពបានដាក់នូវកម្រងផ្កា បូជាទៀនធូបគោរពព្រះដួងវិញ្ញាណក្ខន្តថ្វាយជូនព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ការរំលឹកនូវខួបអនុស្សាវរីយ៍លើកទី៧០ ថ្ងៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា និងជាថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ និងការរំលឹកនូវស្នាព្រះហស្តព្រះរាជបូជនីយកិច្ចរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណយ៉ាងខ្លាំងក្លាតស៊ូ ក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ចក្នុងការទាមទាឯករាជ្យនៅកម្ពុជា ឲ្យបានរួចចាកផុតពីនឹមត្រួតត្រារបស់អាណានិគមនិយមបារាំង និងបានប្រកាសឯករាជ្យជាតិ នាថ្ងៃទី៩ វិច្ឆិកា ១៩៥៣ នៃព្រះវីរភាពដ៏អង់អាចក្លាហាននេះ គឺជាព្រះរាជគំរូដ៏ល្អដល់កូនចៅជំនាន់ក្រោយ ក្នុងការកសាងការពារបូរណភាពទឹកដី៕