(ភ្នំពេញ)៖ ឱកាសការងារក្នុងប្រទេសជាង ២០,០០០កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗ ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅក្នុងមហាព្រឹត្តិការណ៍ការងារធំជាងគេប្រចាំឆ្នាំ គឺ «ពិព័រណ៍ការងារ និងផលិតភាពជាតិ» រយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី១០-១១ ខែវិច្ឆិកា នៅអគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

ឱកាសការងារជាង ២ម៉ឺន កន្លែង គឺមកពីវិស័យសំខាន់ៗដូចជា៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍ និងបដិសណ្ឋារកិច្ចម្ហូបអាហារ និងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្មនិងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ ជាដើម។ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើទាំងអស់ អាចដាក់ពាក្យដោយផ្ទាល់ និងត្រូវបានសម្ភាសន៍ជ្រើសរើសភ្លាមៗដោយក្រុមហ៊ុន សហគ្រាស ដែលចូលរួមតាំងបង្ហាញ ក្នុងបញ្ជរចំនួនជាង ១៨៨។

គួរបញ្ជាក់ថា ពិព័រណ៍នេះ ត្រូវបានរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែ កជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត។

គោលបំណងសំខាន់ៗនៃការការៀបចំពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នាពេលនេះ គឺដើម្បីបន្តរក្សាតុល្យភាព ក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ, បង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំ បណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ ហើយក៏មានការរៀបចំផងដែលនូវសិក្ខាសាលាផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន។

ជាមួយគ្នានេះ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ www.careerfair.nea.gov.kh។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១៧ ៤៦៧ ៤២៣, ០១៧ ៨៧១ ៨០៧, ០៩៦ ២១៥៥ ១៦២៕