(តៃប៉ិ)៖ ស្ត្រីវ័យ៤៤ឆ្នាំ ជនជាតិតៃវ៉ាន់ម្នាក់ ដែលបានធ្វើដំណើរទៅកាន់ទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី១១ ខែសីហា ត្រូវបានគេបញ្ជាក់ថា មានផ្ទុកវីរ៉ុស Zika។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់តៃវ៉ាន់ ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ ឲ្យដឹងនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ។
វាគឺជាករណីទី៦ហើយ នៃអ្នកជំងឺដែលបាននាំយកវីរ៉ុស Zika ចូលមកក្នុងកោះតៃវ៉ាន់។
មជ្ឈមណ្ឌល បន្ថែមថា ស្ត្រីខាងលើបានវិលត្រឡប់មកដល់តៃវ៉ាន់វិញ នាថ្ងៃទី១២ ខែសីហា ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីស្បែកពោះ និងជើងរបស់នាង មានកន្ទួលរមាស់។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់តៃវ៉ាន់ បានបន្តថា រោគសញ្ញារបស់ស្ត្រីនោះបានធូរហើយ បច្ចុប្បន្ននាមានសុខភាពល្អ។
ដោយឡែកមួយទៀត មជ្ឈមណ្ឌលបានប្រកាសនៅថ្ងៃទី១២ ខែសីហាកន្លងទៅថា បុរសវ័យ២៧ឆ្នាំម្នាក់ ដែលបានត្រឡប់មកពីកោះ St.Vincent និងកោះ Grenadines ក្នុងតំបន់ Caribbean ត្រូវបានបញ្ជាក់ថា មានផ្ទុកវីរ៉ុស Zika ផងដែរ៕