(កណ្តាល)៖ លោក ណុប រ័ត្ននិមល ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដា្ននស្រុកកណ្ដាលស្ទឹង បានលើកឡើងថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងអាចអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់​ ប្រជាពលរដ្ឋ។

ការលើកឡើងបែបនេះរបស់លោក ណុប រ័ត្ននិមល បានធ្វើឡើងក្នុងឱកាសតំណាងលោកអញ្ជើញជាតំណាងលោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង និងលោកស្រី ប៉ែន ចាន្នី រួមជាមួយប្រជាពលរដ្ឋជាពុទ្ធបរិស័ទចំណុះជើងវត្ត ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា នៅវត្តសុគន្ធារាម (ហៅវត្តក្រាំងគន្ធ) ស្ថិតនៅឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

នាឱកាសនោះលោក ណុប រ័ត្ននិមល បានបន្តថា ការប្រារព្ធពិធីបុណ្យកឋិនទាន នាពេលនេះ គឺជាពេលវេលាដ៏វិសេសវិសាលណាស់ ស្របចំពេលដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ប្រារព្ធទិវាបុណ្យឯករាជ្យជាតិ គម្រប់ខួបលើកទី៧០ ដែលជាថ្ងៃទទួលឯករាជ្យពីអាណានិគមបារាំង (៩ វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣)។

លោកបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បច្ចុប្បន្ន តែងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាជន ខិតខំកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យចរន្តសេដ្ឋកិច្ចជាតិ និងការបង្កលក្ខណៈគ្រប់បែបយ៉ាងដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិសេរីភាពផ្នែកជំនឿសាសនាផងដែរ។ ជាពិសេសនៅក្នុងវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ ជាសាកល សម្តេចតេជោ ហ៊ុន សែន បានខិតខំស្វះស្វែងរកជំនួយ ពីបណ្តាប្រទេសជាមិត្ត និងបញ្ជាទិញវ៉ាក់សាំងមកចាក់ស្រោចជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ជាមួយគ្នានេះ លោក ណុប រ័ត្ននិមល បានថ្លែងអំណរគុណចំពោះបងប្អូន អ៊ំពូមីង និងលោកយាយលោកតាទាំងអស់ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសបែងចែកផ្លែផ្កាប្រកបដោយសមធម៌។

លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺ បម្រើជាតិ និងប្រជាជន ឥតងាករេដាច់ខាត។ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ខ្ជាប់នូវជំហរ សម្រាប់ដឹកនាំប្រទេសបន្តទៅមុខទៀត នោះគឺបម្រើផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំប្រទេសពីសម្តេចតេជោ ក្នុងការនាំនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនរុងរឿងបន្ថែមទៀត។

ក្នុងឱកាសនោះលោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ បានវេរប្រគេនបច្ច័យសង្កត់ត្រ័យរបស់លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែនចាន្នី រួមនឹងប្រជាពលរដ្ឋចំណងជើងវត្ត សរុបមានចំនួន ៥០លានរៀល សម្រាប់កសាងព្រះវិហារ និងសមិទ្ធផលនានានៅក្នុងវត្តសុគន្ធារាម។ ជាមួយគ្នានេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភចែកជូនមន្ត្រីអាជ្ញាធរដែន ក្រុមប្រឹក្សាស្រុកឃុំ សីលវន្ត សីលវត្តី លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕