(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងមុខតំណែង នាយឧត្ដមសេនីយ៍ ជា តារា អត្ដលេខ០០០១៨៣ ជារដ្ឋលេខាធិការ ក្រសួងការពារជាតិ។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានគេដឹងថា ជាអ្នកដែលមានចំណេះជំនាញលើវិស័យការពារជាតិដ៏ប៉ិនប្រសប់មួយរូប ដោយបានបញ្ចប់ការសិក្សាលើវិស័យការពារជាតិ នៅក្នុងប្រទេសបារាំង មិនតែប៉ុណ្ណោះនាយទាហាន ដែលពោរពេញទៅដោយយុទ្ធសាស្ដ្រ និងកលយុទ្ធលើសមរភូមិរូបនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ។
ជាពិសេសនៅក្នុងសង្គ្រាមទល់ដែនជាមួយប្រទេសថៃកាលពីឆ្នាំ២០០៨ នាយឧត្តមសេនីយ៍ ជា តារា គឺជាមេបញ្ជាការសមរភូមិមុខមួយរូប ដែលនៅប្រចាំការជាប់ជានិច្ច ក្នុងសមរភូមិក្ដៅទិសប្រាសាទព្រះវិហារ ដោយរង់ចាំគោរព និងអនុវត្តនូវបទបញ្ជារបស់នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ សម្ដេចតេជោ ហ៊ុន សែន ក្នុងការវាយកម្ចាត់សត្រូវ ការពារទឹកដី ការពារជាតិ និងប្រាង្គប្រាសាទខ្មែរ។
លើសពីនេះទៀត គេនៅចាំបានថា នៅក្នុងពេលមានជម្លោះនោះ នាយឧត្តមសេនីយ៍ ជា តារា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ចាត់តាំងឱ្យទៅចរចារជាមួយ លោក ប្រាយុទ្ធ ចាន់អូរចា ដែលកាលនោះ លោកជាមេទ័ពរបស់ថៃ និងលោក ប្រាវីត វង្សាវណ្ណ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារថៃ ដើម្បីឲ្យភាគីថៃដកទ័ពចំនួន១០នាក់ ចេញពីវត្តកែវសិក្ខាគីរីស្វារៈ ដែលពេលនោះហើយ កាន់តែស្ដែងយ៉ាងច្បាស់ ពីភាពប៉ិនប្រសព្វរបស់ លោក ជា តារា ដែលលោកនិយាយត្រឹមតែ៥នាទីប៉ុណ្ណោះ ភាគីថៃក៏បាន ទទួលយកសំណើរ ដោយដកទ័ពចេញពីទឹកដីប្រទេសកម្ពុជាភ្លាម។
ភាពអង់អាចក្លាហាន និងគំរូវីរភាពរបស់នាយឧត្តមសេនីយ៍ ជា តារា បានបន្សល់នៅការគោរពស្រលាញ់ និងនឹករលឹកពីសំណាក់មេទ័ព នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានរូមសមរភូមិ ដើម្បីការពារជាតិមាតុភូមិ។ ឈរលើគុណបំណាច់ជាច្រើនក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជននេះ នាយឧត្តមសេនីយ៍ ជា តារា ទទួលបានសេចក្តីពេញចិត្ត ទុកចិត្តពីរាជរដ្ឋាភិបាល និងទុកព្រះទ័យពីព្រះមហាក្សត្រ ហើយត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានន្តរស័ក្តិជាបន្តបន្ទាប់។
ក្នុងនីតិកាលចាស់នាយឧត្តមសេនីយ៍ ជា តារា ធ្លាប់បានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះ ជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ឋានៈស្មើទេសរដ្ឋមន្ត្រីផងដែរ។
ការដែលព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងនាយឧត្តមសេនីយ៍ ជា តារា ជារដ្ឋលេខាធិការក្រសួងការពារជាតិ តបតាមការទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាពេលនេះ ជាការទទួលស្គាល់នូវស្នាដៃ និងភក្តីភាពរបស់នាយឧត្តមសេនីយ៍ចំពោះជាតិ ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដែលបានប្រឹងប្រែង និងការលះបង់ខ្ពស់លើកិច្ចការការពារបូរណភាពទឹកដី។ តួនាទីជារដ្ឋលេខាក្រសួងការពារជាតិនាពេលនេះ ក៏ជាការផ្តល់ឱកាសឱ្យអតីតមេទ័ពជាយដែនដ៏អង់អាចក្លាហានរូបនេះ បន្តចូលរួមចំណែកជួយលើកិច្ចការការពារបូរណភាពទឹកដីជាមួយរាជរដ្ឋាភិបាលនីតិកាលថ្មី ដែលមានសម្តេចធិបតីជាប្រមុខប្រកបភាពឈ្លាសវៃ និងប៉ិនប្រសប់ខ្ពស់ ដើម្បីធានាការពារឱ្យបាននូវបូរណភាពទឹកដី និងអធិបតេយ្យជាតិ មិនអនុញ្ញាតឱ្យជនណារំលោភបំពានបាន៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ៖