(ភ្នំពេញ)៖ លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១២៖០៤នាទី រំលងអាធ្រាត ដោយរោគាពាធ ក្នុងជន្មាយុ៧៦ឆ្នាំ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំអស់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានក្តីស្រណោះសោកស្តាយ និងសូមសម្ដែងនូវសេចក្តីសោកស្រណោះអាឡោះអាល័យជាពន់ពេកនេះ ជាមួយលោកស្រី សូ សូលីដារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក អ៊ុក សុជាតិ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
មរណភាពរបស់លោក អ៊ុក សុជាតិ គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ដែលជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការអប់រំផ្ដល់ដំបូន្មាន ដល់កូន ចៅ និងជាការបាត់បង់នូវធនធានមនុស្ស ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជា ព្រឹទ្ធាចារ្យវិរៈសិល្បករ និងជាថ្នាក់ដឹកនាំមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងពេលវេលាចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើ ថែរក្សា ការពារ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌ ឲ្យមានភាពរីកចម្រើន ដែលជាគំរូវីរភាព និងជាគុណបំណាច់របស់ លោកចំពោះបុព្វហេតុបម្រើជាតិមាតុភូមិ។
យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយនឹងលោកស្រី សូ សូលីដារី និងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អ៊ុក សុជាតិ សូមបានប្រតិស្ឋានក្នុងទីឋានបរមសុខ នាសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ទីតាំងផ្ទះប្រារព្ធពិធីបុណ្យ ផ្ទះលេខ១AEE1 ផ្លូវលេខ ១៣៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ៕