(ស្វាយរៀង)៖ លោក​ រស់​ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង​ តំណាងលោក​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត និងលោក អ៊ុយ​ ថន​ សមាជិកក្រុមប្រឹក្សាខេត្ត​ តំណាងលោក​ ជុំ​ ហាត ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៣) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ស្ថិតនៅរង្វង់មូលវិមានឯករាជ្យ ក្រុងស្វាយរៀង។ 

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការ ស្នងការរងនគរបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបតិ្តការសឹករងស្វាយរៀង និងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលក្រុងស្វាយរៀង មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទចូលរួមប្រមាណ ៣,៥០០នាក់។

សូមបញ្ជាក់ថា ទិវាប្រកបដោយអត្ថន័យនេះគឺជាការរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់នៅថ្ងៃនេះ បានឆ្លុះបញ្ចាំងឱ្យកាន់តែច្បាស់អំពីការរំដោះប្រទេសឱ្យរួចផុតពីរបបអាណានិគមនិយមបារាំង ហើយទិវាបុណ្យឯករាជ្យជាតិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា​ និងសម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រជាពលរដ្ឋកំពុងទទួលបាននូវផ្លែផ្កាពីសុខសន្តិភាព​  ប្រទេសជាតិយេីងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយនិងការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ រួមទាំងសន្តិសុខ​ សណ្ដាប់ធ្នាប់ល្អក្នុងសង្គម។ 

ក្នុងអង្គពិធីទាំងមូល សូមសម្ដែងនូវកត្តញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សរជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្រ្តខ្មែរមកដល់សព្វថ្ងៃ៕