(កំពង់ស្ពឺ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។

ដូចបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងមហោឡារឹក នៅបរិវេណវិមានឯករាជ្យក្នុងក្រុងច្បារមន ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ ។

ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជារង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣, លោក យឹម សុខុម ប្រធានក្រុមប្រក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។ ព្រមទាំងមានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំកងកម្លាំងទាំង៣ប្រភេទ ព្រមទាំងមន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋប្រម៉ាណជិត២០០០អង្គ/នាក់។

ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ត្រូវបានរៀបចំពិធីអបអរសាទរ រាល់ឆ្នាំដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ។

បន្ថែមពីលើការប្រារព្ធពិធីអបអរសាទរ នៅថ្ងៃទី០៩ ខែវិច្ឆិកានេះ នៅមួយថ្ងៃមុននៃការប្រារព្ធពិធីនេះ ពោលនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ក៏មានការរៀបចំឱ្យមន្ត្រីមកពីតាមបណ្តាមន្ទីរស្ថាប័ននានាក្នុងខេត្ត បានចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅវិមានឯករាជ្យសួនច្បារសម្តេចសង្ឃរាជ្យ ជួន ណាត ផងដែរ។

ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង៕