(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានចេញលិខិតបង្គាប់ការកឲ្យក្រុមការងារ ដឹកនាំដោយលោក អ៉ី សុខឡេង អភិបាលរងខេត្ត ចុះស្រាវជ្រាវករណីវាយរបងថ្មមួយកន្លែង រហូតឈានដល់ការប្រើប្រាស់អំពើហិង្សា និងចាប់ខ្លួនមនុស្ស២នាក់ នៅចំណុចអូរដំរី ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ក្នុងលិខិតបង្គាប់ការដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អភិបាលខេត្តព្រះសីហនុ បានអះអាងថា ការចេញលិខិតបង្គាប់ការចុះស្រាវជ្រាវករណីនេះ ធ្វើឡើងតាមបណ្ដឹងរបស់បុគ្គលម្នាក់ដែលបង្ហោះនៅតាមបណ្ដាញសង្គម កាលពីថ្ងៃទី០៤ ខែវិច្ឆិកាកន្លងទៅ។

បើតាមលោក គួច ចំរើន ក្រុមការងារនេះ មានភារកិច្ចចុះស្រាវជ្រាវករណីវាយរបងថ្មមួយកន្លែង បង្កើតឲ្យមានអំពើហិង្សា ដែលឈានដល់ការចាប់មនុស្ស ចំនួន០២នាក់ ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ចុះស្រាវជ្រាវឯកសារ និងកិរិយានៃការកាន់កាប់ដីរបស់ឈ្មោះ ហង្ស បូរី និងអ្នកពាក់ព័ន្ធទីតាំងដី ស្ថិតនៅចំណុចអូរដំរី ក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, ប្រមូលផ្តុំឯកសារគតិយុត្ត និងលិខិតរដ្ឋបាលពាក់ព័ន្ធទីតាំងដីខាងលើ ដើម្បីចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលណាដែលប្រើប្រាស់ និងក្លែងឯកសារសាធារណៈ។

មន្ត្រីបច្ចេកទេសនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងមន្ត្រីបច្ចេកទេស នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវដំឡើងផែនទី និងធ្វើរបាយការណ៍ជូនប្រធានក្រុមការងារ បន្ទាប់ពីវាស់វែង និងគណនារួចរាល់, សមាជិកក្រុមការងារត្រូវចូលរួមបំពេញការងារ និងចូលរួមក្នុងកិច្ចប្រជុំតាមការកោះអញ្ជើញរបស់
ប្រធានក្រុមការងារ, ក្រុមការងារមានសិទ្ធិប្រើប្រាស់មន្ត្រីក្រោមឱវាទ, ក្រុមការងារត្រូវធ្វើកំណត់ហេតុ និងរបាយការណ៍អំពីលទ្ធផលការងារ គោរពជូនអភិបាលខេត្តព្រះសីហនុ ដើម្បីពិនិត្យ និងសម្រេច៕