(ភ្នំពេញ)៖ កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង (រុំ សំណាង) បានថ្លែងអំណរគុណដល់លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងលោកស្រី ដែលបានឧបត្ថម្ភថវិកាចំនួន២,០០០,០០០រៀល។

យោងតាមគណនីបណ្ដេញសង្គមផ្លូវការរបស់អ្នកលេងគុនខ្មែរ បានបង្ហោះនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានខ្លឹមសារដូចខាងក្រោម៖

«ខ្ញុំបាទ ព្រំ សំណាង សូមគោរពថ្លែង អំណរអគុណដល់ឯកឧត្ដម សួស យ៉ារ៉ា នឹងលោកជំទាវ ដែលបានឧបត្ថម្ភ ដល់ខ្ញុំបាទ ព្រំ សំណាង ចំនួន២,០០០,០០០ ៛ (ពីរលានរៀល) ខ្ញុំបាទសូមគោរពជូនពរ ឯកឧត្ដម នឹងលោកជំទាវ ជួបតែសំណាងល្អ សុខភាពល្អ នឹងមាន តែសេចក្តីសុខសូមអគុណ»។

លោក សួស យ៉ារ៉ា សូមកោតសរសើរចំពោះទឹកចិត្តស្រឡាញ់ និងលើកស្ទួយវិស័កីឡាគុនខ្មែរ របស់កីឡាករខ្មែរ និងកីឡាករបរទេសទាំងអស់ ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងស្មារតីកីឡានិងមិត្តភាព។

លោកបញ្ជាក់ថា លទ្ធផលឈ្នះចាញ់ គឺជារឿងធម្មតាសម្រាប់កីឡាករ។ អ្វីដែលសំខាន់ គឺកីឡាករទាំងអស់ ពិតជាបានប្រឹងប្រែងប្រកួតអស់ពីកម្លាំងកាយចិត្ត និងបញ្ចេញនូវបច្ចេកទេស និងទេពកោសល្យរៀងៗខ្លួន ក្នុងការប្រកួតនោះ ប្រកបដោយស្មារតីមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងប្រកបដោយវិជ្ជាជីវៈ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ដ៏កក្រើកវិស័យកីឡាប្រដាល់គុនខ្មែរ រវាងកីឡាករលំដាប់ប្រទេសកម្ពុជា ព្រំ សំណាង និងស្ដេចប្រដាល់ភូមា Dave Leduc បានបញ្ចប់ ដោយលទ្ធផលស្មើគ្នា ស្របពេលអ្នកលេងគុនខ្មែរ ៤រូបទៀត បានផ្ដួលដៃគូឲ្យបោះបង់ការប្រកួតរៀងៗខ្លួន ក្នុងមហាព្រឹត្តិការណ៍ Wurkz សេនាគុនខ្មែរពិភពលោក នៅរាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕