(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ចុះពិនិត្យ ម៉ូតូចំនួន៤៨គ្រឿង ដែលសមត្ថកិច្ចចម្រុះ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បង្ក្រាបបានក្នុងករណីអំពើលួច និងទទួលផលចោរកម្ម កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ (ជនជាតិ ចិន២នាក់) ពាក់ព័ន្ធអំពើលួច និងទទួលផលចោរកម្ម។

ក្នុងឱកាសនោះលោក គួច ចំរើន បានថ្លែងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហុន និងកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបាននៅទីតាំងកន្លែងបញ្ចាំចំនួនពីរទីតាំង ដែលទទួលផលពីអំពើចោរកម្ម និងមួយចំនួនម្ចាស់យកទៅបញ្ចាំដោយខ្លួនឯង សរុបបានចំនួន៤៨គ្រឿង។

បន្ទាប់ពីបានពិនិត្យម៉ូតូដែលជាប់ពាក់ព័ន្ធទាំងអស់នោះហើយ អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្នុងចំណោម៉ូតូទាំងអស់នេះមិនមែនសុទ្ធតែត្រូវជាប់ពាក់ព័ន្ធពំពើលួចទាំងអស់នោះទេ មានខ្លះជារបស់បញ្ចាំ មានម្ចាស់ត្រឹមត្រូវដូចនេះសូមសមត្ថកិច្ចជំនាញ សហការជាមួយម្ចាស់ម៉ូតូពិនិត្យរកក្រដាស់ស្នាម កាតគ្រីឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យមានការភ័ណ្ឌច្រឡំក្នុងប្រការណាមួយនាំឱ្យមានទុក្ខលំបាកលើសដើម។

លោកបានបន្តថា ក្នុងចំណោមម៉ូតូភាគច្រើនឃើញមិនមានស្លាកលេខ ឬឯកសារយ៉ាងណា លោកបានអំពាវនាវឱ្យអ្នកសារព័ត៌មានផ្តិតយករូបភាព រួមទាំងទិន្ន័យដែលសមត្ថកិច្ចបានដកស្រង់រួមមាន (សេរីម៉ូតូ, ស្លាកលេខ, លេខតួ, ម៉ាស៊ីន) យកទៅផ្សព្វផ្សាយជាដំណឹងចែកជូនបងប្អូនប្រជាពលរដ្ឋធ្វើការពិនិត្យ និងមកលើលផ្ទាល់នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន៖ម៉ូតូចំនួន០៩គ្រឿង (ផលនៃអំពើលួច), ម៉ូតូចំនួន ៣៩គ្រឿង ដកហូតពីកន្លែងទទួលបញ្ចាំ។

បច្ចុប្បន្ន ម៉ូតូលើ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្តនិតិវិធីនិងស្វែងរកម្ចាស់។ ចំណែក ជនសង្ស័យចំនួនទាំង ០៦នាក់ខាងលើ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង និងបញ្ជូនវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕