Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កូរ៉េខាងជើងចាប់ផ្តើមចម្រាញ់ ភ្លុយតូញ៉ូម និង អ៊ុយរ៉ាញ៉ូម ឡើងវិញហើយ ដើម្បីផលិតអាវុធនុយក្លេអ៊ែររួចនឹងធ្វើតេស្ត

17-08-2016 22:08

(តូក្យូ)៖ ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមចម្រាញ់ និង ផលិតសារធាតុ ភ្លុយតូញ៉ូម និង អ៊ុយរ៉ាញ៉ូម ឡើងវិញហើយ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ ហើយទីក្រុងព្យុងយ៉ាងបានអះអាងថា នឹងត្រៀមធ្វើតេស្ត បន្ថែមទៀតទៅថ្ងៃអនាគត ប្រសិនបើការគំរាមរបស់អាមេរិក​ នៅតែកើតមាន។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន BBC នាយប់ថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០១៦។

ព័ត៌មានខាងលើនេះ គឺទទួលបានពីបទសម្ភាសន៍ រវាងវិទ្យាស្ថានថាមពលអាតូមិក របស់កូរ៉េខាងជើង ជាមួយនឹងសារព័ត៌មានជប៉ុន Kyodo ដែលក្នុងនោះគេបានដឹងថារោងចក្រថាមពលនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង កំពុងតែបង្កើនសង្វាក់ផលិតកម្មយ៉ាងខ្លាំងក្លា។ កូរ៉េខាងជើងកំពុង ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ឲ្យបានច្រើនដើម្បីផលិតអាវុធ និងផ្គត់ផ្គង់ថាមពលសម្រាប់ប្រើប្រាស់។

គួរបញ្ជាក់ថា ការផ្សាយរបស់ Kyodo នេះក៏ស្របទៅតាមរបាយការណ៍របស់ទីភ្នាក់ងារ UN ផងដែរ ដែលកន្លងមកបានបង្ហាញថារោងចក្រ Yongbyon របស់កូរ៉េខាងជើង ពិតជាបានចាប់ផ្តើមសង្វាក់ ផលិតកម្មឡើងវិញប្រាកដមែន។ វាពិតជាបង្ហាញច្បាស់ថាកូរ៉េខាងជើង លែងខ្លាចទណ្ឌកម្មពីអន្តរជាតិ ទៀតហើយ ដោយខ្លួននឹងផលិតអាវុធនុយក្លេអ៊ែរ ឲ្យបានទាំងសមត្ថភាព និងបរិមាណ៕