(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារ ជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia - YEAC) ដឹកនាំដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយសមាជិក សមាជិកា នៃ YEAC សរុបប្រមាណ ៤០នាក់។

ថ្លែងក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់ណាស់ នៃកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលប្រមូលផ្ដុំធុរជនឆ្នើមៗ ធ្វើការយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើនបន្ថែមទៀត។

ស្របជាមួយគ្នានេះ លោករដ្ឋមន្ត្រី ប្រកាសបន្តគាំទ្រការអនុវត្តគម្រោងនានា របស់សមាគមនដើម្បីជួយ សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងនៅរាជធានីភ្នំពេញ និងខេត្ត ឱ្យបង្កើតតម្លៃបន្ថែមលើផលិតផលនិងសេវាកម្ម របស់ពួកគេមានការរីកចម្រើន ជាពិសេសការប្រើប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ជួយសកម្មភាពអាជីវកម្ម។

សូមជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រូវបានបង្កើតឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមកពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ដែលមានបេសកកម្មធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែបបច្ចេកវិទ្យាឌីជីថល អាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការបង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា៕