(ភ្នំពេញ)៖ កម្ពុជាគ្រោងនឹងរៀបចំសប្តាហ៍ថាមពលស្អាតប្រចាំឆ្នាំរបស់ខ្លួន ដែលជាព្រឹត្តិការណ៍សំខាន់មួយ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងអបអរឱកាសផ្សេងៗ ដែលថាមពលស្អាតនាំមកអោយកម្ពុជា។

ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៦ ដល់ ថ្ងៃទី២៣ ខែវិច្ឆិកា ដោយក្នុងនោះរួមមានកម្មវិធីដូចជា៖ កិច្ចពិភាក្សា សិក្ខាសាលា ការតាំងពិព័រណ៍ និងកម្មវិធីលើកកម្ពស់ការយល់ដឹង ដើម្បីបង្ហាញពីការច្នៃប្រឌិត ភាពជោគជ័យ និងអត្ថប្រយោជន៍ប្រកបដោយបរិយាបន្ននៃថាមពលស្អាត។ កម្មវិធីនេះក៏នឹងជំរុញកិច្ចសហប្រតិបត្តិការ រវាងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន វិស័យសាធារណៈ និងការយល់ដឹងក្នុងចំណោមសាធារណជនផងដែរ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយអង្គការអេននឺជីឡេប (EnergyLab Cambodia) ក្នុងភាពជាដៃគូ និងសហប្រតិបត្តិការជាមួយនឹងសហស្ថាបនិករួមមាន រដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងទទួលបានមូលនិធិពីអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ក្រសួងការបរទេស និងពាណិជ្ជកម្មនូវែលហ្សេឡង់ និងគម្រោងកម្មវិធីផ្លាស់ប្តូរ ទៅថាមពលព្រះអាទិត្យ ដែលទទួលបានមូលនិធិពីសហភាពអ៊ឺរ៉ុប តាមរយៈកម្មវិធី SWITCH-Asia និងសាធារណរដ្ឋឆែក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ឆែក (CzDA)។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបាន និងកំពុងជំរុញកាលានុវត្តភាពនៃថាមពលស្អាតរបស់ខ្លួន ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់នូវសន្តិសុខ ភាពជឿជាក់ និងប្រសិទ្ធភាពនៃការចំណាយ នៃប្រព័ន្ធថាមពល។

ការរៀបចំព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាតលើកទី៦នេះ ធ្វើឡើងស្របតាមកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដើម្បីជំរុញវឌ្ឍនភាពដោយផ្តោតលើសន្តិសុខថាមពល ព្រមទាំងអត្ថប្រយោជន៍នៃថាមពលស្អាតផ្សេងទៀត ពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងសង្គម។ សក្តានុពលធនធានថាមពលស្អាតកម្ពុជា (ជាពិសេសថាមពលពន្លឺព្រះអាទិត្យ និងខ្យល់) ជាមាគ៌ាឆ្ពោះទៅកាន់ (១)ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និង (២) បញ្ចៀសភាពមិនច្បាស់លាស់នៃការរារាំងដល់ទីផ្សារថាមពល ដែលអាចកើតមានដោយសាព្រឹត្តិការណ៍ ពិភពលោក។ តាមរយៈអន្តរកាលថាមពលស្អាត កម្ពុជាអាចបង្កើតឱកាសការងារ កាត់បន្ថយភាពក្រីក្រ ធ្វើឱ្យមានភាពប្រសើរឡើងនៃវិស័យសុខុមាលភាព និងវិស័យអប់រំ ក៏ដូចជាលើកកម្ពស់សមធម៌សង្គមផងដែរ។

ចំណុចសំខាន់ៗនៃសប្តាហ៍ថាមពលស្អាតឆ្នាំ ២០២៣ រួមមាន៖

១-សិក្ខាសាលាកម្រិតខ្ពស់៖ កម្មវិធីនេះរួមមាន សិក្ខាសាលាតាមប្រព័ន្ធឌីជីថល សិក្ខាសាលាផ្ទាល់ និងកិច្ចពិភាក្សាលើប្រធានបទជុំវិញថាមពលស្អាតដូចជា ការកាត់បន្ថយកាបូនក្នុងវិស័យឧស្សាហកម្ម ការអភិវឌ្ឍជំនាញថាមពលស្អាត និងភាពចម្រុះនៃថាមពល។ អ្នកជំនាញនឹងចែករំលែកការយល់ដឹងអំពីការអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយបំផុត និងគំនិតផ្តួចផ្តើមគោលនយោបាយ។

២-ពិព័រណ៍ថាមពលស្អាត៖ ការតាំងពិព័រណ៍ដែលនឹងបង្ហាញពីបច្ចេកវិទ្យា ផលិតផល និងសេវាកម្មថ្មីក្នុងវិស័យថាមពលស្អាត។ អ្នកចូលរួមនឹងមានឱកាសស្វែងយល់ពីដំណោះស្រាយថាមពលកកើតឡើងវិញដ៏ទំនើប។

៣-ការចូលរួមរបស់និស្សិត និងសហគមន៍៖ កម្មវិធីនេះនឹងមិនត្រឹមតែជាវេទិកាសម្រាប់អ្នកជំនាញក្នុងវិស័យថាមពលស្អាតប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមបញ្ចូលសកម្មភាពដើម្បីចូលរួម និងបង្កើនការយល់ដឹងអំពីថាមពលស្អាតក្នុងចំណោមនិស្សិត និងសហគមន៍ផងដែរ។

៤-ដំណើរទស្សនកិច្ច និងកម្មវិធីរត់ដើម្បីថាមពលស្អាត៖ អ្នកចូលរួមដែលបានចុះឈ្មោះនឹងមានជម្រើសក្នុងការចូលរួមក្នុងដំណើរទស្សនកិច្ចទៅទស្សនាគម្រោងថាមពលស្អាត ទទួលបានការយល់ដឹងបន្ថែមពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាលើវិស័យថាមពលស្អាត រួមជាមួយនឹងកម្មវិធីរត់ដើម្បីថាមពលស្អាតដំបូងបង្អស់របស់កម្ពុជា។

នៅក្នុងព្រឹត្តិការណ៍នេះ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «ខ្ញុំរីករាយណាស់ ដែលអូស្ត្រាលីជាអ្នកឧបត្ថម្ភដ៏ធំមួយ នៃសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះ។ អូស្ត្រាលីជួយគាំទ្រគោលដៅអន្តរកាលថាមពលរបស់កម្ពុជា។ ថាមពលស្អាត បានផ្តល់នូវឱកាសអភិវឌ្ឍសេដ្ឋកិច្ច និងអាចគាំទ្រដល់សន្តិសុខថាមពល និងដំណើរឆ្ពោះទៅរកអព្យាក្រឹតភាពកាបូនរបស់កម្ពុជាផងដែរ»

ឯកអគ្គរដ្ឋទូត វ៉ាយអេត បានបន្ថែមថា «តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) អូស្ត្រាលីនឹងគាំទ្រដល់ប្រទេសកម្ពុជាក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ និងជម្រុញការកសាងសមត្ថភាពរបស់មន្ត្រីផ្នែកថាមពល ផ្សារភ្ជាប់ថាមពលពន្លឺព្រះអាទិត្យជាមួយប្រជាជននៅតំបន់ឆ្ងាយ និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល(ESCOs)»

លោក ចូណាថាន់ ឃីងស៍ ឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ប្រទេសនូវែលហ្សេឡង់មានសេចក្តីរីករាយ ក្នុងការគាំទ្រសប្តាហ៍ថាមពលស្អាតនៅឆ្នាំនេះ។ ព្រឹត្តិការណ៍នេះជាឱកាសមួយ ដើម្បីចែករំលែកចំណេះដឹង នវានុវត្តន៍ និងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធ ក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័នរបស់កម្ពុជានាពេលអនាគត»

លោកបានបន្ថែមទៀតថា «កិច្ចសហប្រតិបត្តិការលើសេចក្តីប្រាថ្នារួមរបស់យើង ក្នុងការកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ជាអាទិភាពសំខាន់ សម្រាប់ការគាំទ្ររបស់ប្រទេសនូវែលហ្សេឡង់ ចំពោះកម្ពុជា។ យើងមានមោទនភាពដែលអាចគាំទ្រប្រទេសកម្ពុជាលើគោលដៅនេះ មិនត្រឹមតែតាមរយៈព្រឹត្តិការណ៍នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈការគាំទ្ររបស់យើង ចំពោះកសិកម្មដែលមានភាពធន់នឹងអាកាសធាតុ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព»

លោកស្រី Alissar Chaker អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) ប្តេជ្ញាជំរុញការផ្លាស់ប្តូរប្រព័ន្ធថាមពលតាមរយៈរបៀបវារៈរួម ដែលផ្តោតលើការផ្លាស់ប្តូរគោលនយោបាយ បច្ចេកវិទ្យា និងហិរញ្ញវត្ថុ ដែលបង្កើតឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ស្របតាមអាទិភាព និងមហិច្ឆតារបស់ប្រទេសកម្ពុជា។

របៀបវារៈថាមពលរួមបញ្ចូលគ្នានេះក៏រួមចំណែកដល់ការប្តេជ្ញាចិត្តថ្នាក់ជាតិរបស់កម្ពុជា (NDCs) សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នក្នុងស្រុក និងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ ក៏ដូចជាគំនិតផ្តួចផ្តើមជម្រុញដំណោះស្រាយបញ្ហាបម្រែបម្រួល (Climate Promise) របស់ UNDP ដែលជាការផ្តល់ការគាំទ្រដ៏ធំបំផុតរបស់ពិភពលោកដល់ប្រទេសនានា ដើម្បីពង្រឹងការប្តេជ្ញាចិត្តថ្នាក់ជាតិពួកគេ ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

ឧទាហរណ៍មួយចំនួននៃការងាររបស់ UNDP រួមមាន ដំបូលពន្លឺព្រះអាទិត្រ ប្រសិទ្ធភាពថាមពល និងការងារគោលនយោបាយយានយន្តអគ្គិសនី ការដំឡើងបណ្តាញថាមពលពន្លឺព្រះអាទិត្យខ្នាតតូច ដើម្បីទទួលបានថាមពលកកើតឡើងវិញក្រៅបណ្តាញ នៅតាមតំបន់ដាច់ស្រយាលដោយមិនទុកនរណាម្នាក់ចោល។ UNDP ក៏ធ្វើការលើម៉ាស៊ីនបូមទឹកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដើម្បីដោះស្រាយបញ្ហាទាក់ទងគ្នាទៅវិញទៅមករវាងថាមពល ទឹក និងអាហារ ក៏ដូចជាការលើកកម្ពស់ការចូលរួមរបស់វិស័យឯកជន តាមរយៈការវិនិយោគដែលមិនប្រថុយប្រថានលើប្រសិទ្ធភាពថាមពល និងការសាកល្បងគំរូអាជីវកម្មប្រកបដោយភាពច្នៃប្រឌិត។

ព្រឹត្តិការណ៍នេះរំពឹងថានឹងទាក់ទាញទស្សនិកជនផ្សេងៗច្រើននាក់ រួមទាំងអ្នកបង្កើតគោលនយោបាយ អ្នកជំនាញក្នុងឧស្សាហកម្ម វិនិយោគិន និងអ្នកសិក្សា ដែលមានគោលដៅរួមគ្នាក្នុងការពន្លឿនអន្តរកាលថាមពលស្អាតរបស់កម្ពុជា៕