(ភ្នំពេញ)៖ ស្រ្តីជនជាតិអេស្បាញម្នាក់ ដែលត្រូវនាយកដ្ឋានសេីុបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួន ក្នុងករណីចូលរួមសកម្មភាពយុទ្ធនាការអាវខ្មៅ ជាមួយក្រុមសកម្មជនដីធ្លីបឹងកក់នោះ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅវេលាម៉ោង៧យប់ថ្ងៃនេះ បានធ្វើការបណ្តេញចេញ ស្ត្រីជនជាតិអេស្បាញ ឈ្មាេះ MAR GARITA LORRTO អាយុ៤០ឆ្នាំ កាន់លិខិតឆ្លងដែនលេខAAJ879772 តាមជើងយន្តហោះ TG 585 ភ្នំពេញទៅ បាងកក-បាសេឡូណា អេស្បាញ តាមប្រកាសក្រសួងមហាផ្ទៃចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ឲ្យទៅប្រទេសដើមវិញ»។
លោកឧត្តមសេនីយ៍ បានបន្តថា ស្រ្តីរូបនេះ បានចូលរួមសកម្មភាព ក្នុងការតវ៉ាជាមួយសមាគម បឹងកក់ ក្នុងប្រធានបទ «ថ្ងៃចន្ទពណ៌ខ្មៅ» ជាច្រេីនសប្តាហ៍ ហេីយបានចូលរួមតវ៉ា និងពាក់អាវខ្មៅដូចអ្នកសមាគមបឹងកក-បុរីកីឡា ដែលធ្វេីឲ្យប៉ះពាល់សណ្តាប់ សន្តិសុខសង្គម និងបានលួចស្នាក់នៅ ធ្វើការដោយខុសច្បាប់គ្មាន (សៀវភៅការងារ)។
សូមបញ្ជាក់ថា ស្ត្រីបឹងកក់ពីរនាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្ដោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះ នៅថ្ងៃទី២២ ខែសីហា ខាងមុខនេះ ។ សវនាការនាពេលខាងមុខ ដឹកនាំដោយលោក ពេជ្រ វិជ្ជាធរ ជាចៅក្រមជំនុំជម្រះ។
លោក លី សុផាណា អ្នកនាំពាក្យ និងជាមន្រ្តីជាន់ខ្ពស់នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា៖ «ចៅក្រម ពេជ្រ វិជ្ជាធរ បានបើកសវនាការជំនុំជម្រះលើជនជាប់ចោទឈ្មោះ ទេព វន្នី និងឈ្មោះ ប៊ូវ សោភា តាមនីតិវីធីបង្គាប់អោយបង្ហាញខ្លួនភ្លាម ដែលជាប់ចោទពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍តាមបញ្ញត្តិមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីដំណើរការសវនាការ ចៅក្រមជំនុំជម្រះសម្រេចឃុំខ្លួនជនជាប់ចោទទាំង២រូប ដើម្បីបន្តសវនាការនៅថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០១៦ ពេលព្រឹក»។
មន្ត្រីតុលាការ បញ្ជាក់ថា ស្ត្រីបឹងកក់ពីរនាក់ គឺ ឈ្មោះ ទេព វន្នី និង ឈ្មោះ ប៊ូវ សោភា ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៤លានរៀល៕