(ភ្នំពេញ)៖​ លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក Filip Boelaert អគ្គលេខាធិការ ក្រសួងចលករ និងសាធារណការហ្លែនឌ័រ នៃព្រះរាជាណាចក្រប៊ែលហ្សិកនាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការសម្រាប់ Letter of Intent ២០២៤-២០២៨ ស្តីពីការដឹកជញ្ជូនផ្លូវទឹក។

ពិធីនេះបានធ្វេីឡេីងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយក ប្រតិភូនៃក្រសួងចលករ និងសាធារណការហ្លែនឌ័រ លោកអគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ពិធីចុះហត្ថលេខានេះ មានគោលបំណងដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហការលើការអនុវត្តអនុស្សរណៈយោគយល់គ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងរក្សាចំណងមិត្តភាពរវាងក្រសួងទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត ជាពិសេសលើការផ្លាស់ប្តូរព័ត៌មាន ជំនាញបច្ចេកទេស រៀបចំសិក្ខាសាលាថ្នាក់តំបន់រួមគ្នា បណ្តុះបណ្តាលធនធានមនុស្សលើវិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ រវាងអ្នកជំនាញប៊ែលហ្សិក និងកម្ពុជា។

បន្ទាប់ពីចុះហត្ថលេខារួច លោករដ្ឋលេខាធិការ បានជូនប្រតិភូប៊ែលហ្សិកទស្សនាបណ្ណាល័យ និងបន្ទប់រៀនបើកបរនាវា នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលជាជំនួយបច្ចេកទេសផ្ទាល់ពីប្រទេសប៊ែលហ្សិក៕