Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ម៉ាឡេស៊ី៖ នាវាដឹកប្រេងដែលបាត់ខ្លួន ត្រូវបានរកឃើញហើយមិនជាប់ពាក់ព័ន្ធ នឹងការចាប់ជំរិតឡើយ

17-08-2016 20:24

(កូឡាឡុំាពួរ)៖ នាវាដឹកប្រេងមួយគ្រឿង ដែលគេរាយការណ៍ថាបានបាត់ខ្លួន នៅដែនទឹកម៉ាឡេស៊ី មិនត្រូវបានគេចាប់ជំរិតនោះទេ ហើយបានរកឃើញវិញហើយ។ នេះបើតាមសម្តីក្រុមមន្ត្រីម៉ាឡេស៊ី ចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ។

ការស៊ើបអង្កេតជាដំបូងបានបង្ហាញថា ការបាត់ខ្លួននៃនាវាដឹកប្រេង ​MT Vier Harmoni ​មានការជាប់ពាក់ព័ន្ធយ៉ាងជិតស្និត ទៅនឹងបញ្ហាផ្ទៃក្នុង នៃម្ចាស់របស់វា គឺក្រុមហ៊ុនដែលបានជួលនាវា និងក្រុមសហសេវិក។ នេះបើតាមសម្តីលោក Mohd Taha Bin Ibrahim ប្រធានផ្នែកពង្រឹង និងអនុវត្តនៃភ្នាក់ងារពង្រឹងជើងទឹកម៉ាឡេស៊ី (MMEA)។

នាវានេះបានចុះបញ្ជីនៅកោះ Batam ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានជួលឲ្យក្រុមហ៊ុនម៉ាឡេស៊ី ដោយមានសហសេវិកនាវាទាំងអស់ ចំនួន១០នាក់ ជាជនជាតិឥណ្ឌូនេស៊ី។

អ្នកបើកបរនាវា ត្រូវបានភ្ជាប់ទំនាក់ទំនងនៅរសៀលថ្ងៃពុធនេះ ហើយនាវាកំពុងនៅតាមផ្លូវទៅកាន់កោះ Batam ជាមួយនឹងសហសេវិក ប្រកបដោយសុវត្ថិភាព។

MMEA បានចេញប្រតិបត្តិការស្វែងរក បន្ទាប់ពីមានសេចក្តីរាយការណ៍ថា នាវាបានបាត់ខ្លួន ចាប់តាំងពីថ្ងៃអង្គារ បន្ទាប់ពីចាកចេញពីកំពង់ផែ រដ្ឋ Johor ភាគខាងត្បូងម៉ាឡេស៊ី ផ្ទុកទៅដោយប្រេងម៉ាស៊ូត ៩០០,០០០លីត្រ ជាមួយនឹងតម្លៃ៣៩០,០០០ដុល្លារសហរដ្ឋអាមេរិក៕