(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ​ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទីទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងក៏បានលើកឡើងជំរុញដល់មន្រ្តីនគរបាលខណ្ឌពោធិ៍សែនជ័យ ត្រូវយកចិត្តទុកដាក់ចុះធ្វើវេទិកាសាធារណៈឱ្យបានគ្រប់ទីកន្លែងផ្សព្វផ្សាយនៃខ្លឹមសារការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹង ហើយនាំគ្នាចូលរួមគោរពច្បាប់ ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ភេទ ដែលនាំមកនូវសុខសុវត្ថិភាពក្នុងមូលដ្ឋាន។ ជាពិសេសក៏បានណែនាំឱ្យមានការប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងជំនាញសរុប ដើម្បីអនុវត្តវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកស្នងការ ក៏បានលើកឡើងឱ្យមានការពង្រឹងការងារជំនាញអនុវត្តនីតិវិធីឱ្យបានរឹងមាំជាពិសេសលើការកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ថែមទាំងបានណែនាំឱ្យចេះគ្រប់គ្រងកម្លាំងបែកចែកការងារតាមឋានានុក្រមនិងតាមជំនាញ ត្រូវគ្រប់គ្រងពេលវេលា និងភូមិសាស្រ្តឱ្យបានច្បាស់លាស់ងាយស្រួល ក្នុងការចេញប្រតិបត្តិការបង្ការទប់ស្កាត់ និងបង្រ្កាបមុខសញ្ញាប្រព្រឹត្តបទល្មើសទាន់ពេលវេលា។ ត្រូវកំណត់ទីតាំងភូមិសាស្រ្តដែលមានហានីភ័យងាយនឹងកើតឡើងបទល្មើស ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានណែនាំឱ្យមានការដឹកនាំបញ្ជាច្បាស់លាស់ នៅពេលចុះប្រតិបត្តិការបង្រ្កាបបទល្មើស ហើយការរបញ្ជាត្រូវទទួលខុសត្រូវ និងសមស្របតាមច្បាប់ និងវិន័យកងកម្លាំងនគរបាលជាតិ។

លោកស្នងការក៏រំលឹកឡើងវិញដល់កម្លាំងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវលុបបំបាត់រាល់ការលួចពួនស្ទាក់រង់ចាំចាប់ប្រជាពលរដ្ឋធ្វើដំណើរបើកបរដោយខុសច្បាប់ចរាចរណ៍ និងត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ប្រកាន់ខ្ជាប់វិជ្ជាជីវៈនគរបាល កាត់បន្ថយភាពអសកម្មដែលបង្កឡើងដោយការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមិនត្រឹមត្រូវនាំឱ្យប្រជាពលរដ្ឋរិះគន់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយសនគរបាលជាតិ៕