(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាបានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និពន្ធសៀវភៅសេដ្ឋកិច្ចថ្មីមួយក្រោមចំណងជើងថា «ដុល្លាររូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)»។

សៀវភៅនេះគឺជាលទ្ធផលនៃកិច្ចសហការស្រាវជ្រាវរួមគ្នារវាងរវាងស្ថាប័នទំាងពីរដោយប្រើប្រាស់ទិន្នន័យប្រមូលបានពីអង្គភាពគ្រួសារ សហគ្រាស និងគ្រឹះស្ថានហិរញ្ញវត្ថុទូទាំងប្រទេស។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានរៀបចំ ដឹកនាំ និងកែសម្រួលខ្លឹមសារ នៃអត្ថបទស្រាវជ្រាវក្នុងសៀវភៅនេះ ដោយសហការជាមួយលោក Okuda Hidenobu សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Hitotsubashi University នៅប្រទេសជប៉ុន។ ស្នាដៃរួមគ្នានេះ ត្រូវបានបោះពុម្ពផ្សាយដោយក្រុមហ៊ុន Routledge ដ៏ល្បីលំដាប់ពិភពលោក។

អត្ថបទវិភាគក្នុងសៀវភៅនេះផ្តល់សារៈសំខាន់ សម្រាប់ការសិក្សាស្វែងយល់អំពីដំណើរវិវត្តន៍ និងស្ថានភាពបច្ចុប្បន្ននៃដុល្លារូបនីយកម្មនៅកម្ពុជា ព្រមទាំងបង្ហាញគោលនយោបាយសំខាន់ៗដែលគាំទ្រកំណើនសេដ្ឋកិច្ច។ អ្នកនិពន្ធបានរំលេចថា ករណីដុល្លាររូបនីយកម្មក្នុងប្រទេស កម្ពុជាបានផ្តល់បទពិសោធន៍សំខាន់សម្រាប់បណ្តាប្រទេសនានា ដែលមានបញ្ហាស្រដៀងគ្នា ដូចជាប្រទេស ក្នុងតំបន់អាហ្វ្រិក និងអាស៊ីកណ្តាល។

គួររំលេចថា ធនាគារជាតិនៃកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ JICA Ogata Sadako នឹងសហការៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅ “ដុល្លារូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច” នៅថ្ងៃសុក្រទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅសណ្ឋាគារ Raffles Hotel Le Royal Phnom Penh ចាប់ពីម៉ោង ៨៖០០ ព្រឹក ដល់ម៉ោង ១២៖០០ ថ្ងៃត្រង់។

កម្មវិធីផ្សព្វផ្សាយនេះនឹងមានការចូលរួមធ្វើបទបង្ហាញដោយអ្នកជំនាញសេដ្ឋកិច្ចមកពីធនាគារជាតិនៃកម្ពុជា និងស្ថាប័នដៃគូអភិវឌ្ឍន៍ ដើម្បីពន្យល់លម្អិតអំពីរបកគំឃើញថ្មីៗនៅក្នុងសៀវភៅនេះផងដែរ៕