(ភ្នំពេញ)៖ កម្ពុជា និងរុស្ស៊ីនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានបើកកិច្ចពិភាក្សាមួយស្តីពីការប្រើប្រាស់ថាមពលបរិមាណូ និង បង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា។ កិច្ចពិភាក្សានេះ បានធ្វើឡើងជាលើកដំបូងបន្ទាប់ពីកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ថាមពលបរិមាណូ កីដូចជាការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា ត្រូវបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទៅកាន់ប្រទេសរុស្ស៊ីកាលពីខែឧសភា កន្លងទៅនេះ។
កិច្ចពិភាក្សានាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានធ្វើឡើងរវាងលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ឌ្មីទ្រី ស្វៀតកូវ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា រួមជាមួយមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
កិច្ចពិភាក្សានេះ បានពិនិត្យលើសេចក្តីព្រាងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព ជាចុងក្រោយក្នុងកម្រិតបច្ចេកទេស និងពិភាក្សាលើបែបបទការ ងាររបស់ក្រុមការងាររួមកម្ពុជា-រុស្ស៊ី។
បើតាមក្រសួងបរិស្ថាន បានឲ្យដឹងផងដែរថា កិច្ចពិភាក្សានាព្រឹកមិញ ក៏បានពិភាក្សាលើការអនុវត្តអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរ និង ពិភាក្សាអំពីសកម្មភាពអាទិភាពនៅក្រោមអនុស្សរណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាពផងដែរ។
សូមបញ្ជាក់ថា កាលពីកន្លងទៅក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) និងសាជីវកម្មថាមពលបរមាណូរដ្ឋ «រ៉ូហ្សាតូម» នៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ចំនួនបី រួមមាន៖ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព អនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឱ្យគោលបំណងសន្តិភាព និងអនុស្សរណៈនៃការយោគយល់ ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយក្លេអ៊ែរនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈអំពីថាមពលនុយក្លេអ៊ែរ ជាពិសេសក្នុងចំណោមយុវជន។
បើតាមក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងទាំងអស់នេះ ក្នុងបំណងទាញយកថាមពល ដើម្បីបម្រើការដល់ការរីកលូត លាស់ នៃសេដ្ឋកិច្ចជាតិ និងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា៕