(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានពន្យល់ថា ការណ៍ដែលរាជរដ្ឋាភិបាលដាក់ចេញនូវ «កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដល់យុវជនគោលដៅ១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» ដ៏សំខាន់នេះ គឺជាយុទ្ធសាស្រ្តចាប់យកឱកាសវិនិយោគធំៗពីបរទេស។

លោក គី សេរីវឌ្ឍន៍ អះអាងដូច្នេះ ដោយសម្អាងថានាពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនឧស្សាហកម្មធំៗជាច្រើននឹងរើរោងចក្រ សហគ្រាសរបស់ខ្លួនពីបណ្តាប្រទេសអភិវឌ្ឍ មកកាន់បណ្ដាប្រទេសដែលមានសក្ដានុពលវិនិយោគ កម្លាំងពលកម្មមានជំនាញ មានសុខសន្តិភាព ស្ថិរភាព ដូចជាប្រទេសកម្ពុជានេះជាដើម។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាកំពុងពន្លឿនការរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដល់យុវជនគោលដៅ១.៥លាននាក់មកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងប្រកាសជាផ្លូវការនាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានឱ្យដឹងទៀតថា ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺធ្វើឱ្យប្រជាពលរដ្ឋមានសមត្ថភាពលើជំនាញបច្ចេកទេស ហើយអាចទទួលយករំហូរវិនិយោគលើវិស័យឧស្សាហកម្មមកពីប្រទេសចិន ឥណ្ឌា រុស្ស៉ី និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ដែលបាននិងកំពុងហូរចូលមកកាន់បណ្តាប្រទេសក្នុងតំបន់ដូចជាវៀតណាមជាដើម ដូច្នេះកម្ពុជាត្រូវចេះឆ្លៀតឱកាសនេះលើការទាក់ទាញវិនិយោគទាំងនោះ៕

លោកបណ្ឌិត គី សេរីវឌ្ឍន៍