(ភ្នំពេញ)៖​ នារសៀលថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ លោក​ ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការតំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣ - ២០២៣) និង អបអរសាទរទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេណវិមានឯករាជ្យ។

នាឪកាសនោះលោកក៏បានអញ្ជើញបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបតម្កល់ព្រះបរមរូប បរិវេណសួនច្បារ ខាងកើតវិមានឯករាជ្យ។

ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ ត្រូវបានប្រារព្ធឡើងដើម្បីរម្លឹក និងចងចាំជានិច្ចនូវឧបការគុណរបស់បុព្វបុរស ជាពិសេសយុទ្ធជនខ្មែរ ដែលបានពលីជីវិតដើម្បីជាតិ និងប្រជាជន។ មួយវិញទៀត គឺដើម្បីរំលឹកអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រ របស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត តស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដ ជូនប្រជាជាតិទាំងមូល ហើយប្រជារាស្ត្រទូទាំងប្រទេសបានថ្វាយ ព្រះកិត្តិនាមព្រះអង្គជា “ព្រះមហាវីរបុរសជាតិ ព្រះបិតាឯករាជ្យជាតិ”។ ព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យ ការកសាងជាតិ ការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹក គឺពិតជាស្ថិតនៅក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់រូប ដោយគ្មានថ្ងៃបំភ្លេចបានឡើយ៕