(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានជំរុញដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបន្ដចូលរួមទប់ស្កាត់ បង្ការ និងធ្វើជាកម្លាំងជំនួយដ៏សំខាន់ដល់កងកម្លាំងនគរបាលជាតិ ហើយត្រូវបន្ដគាំទ្រ និងអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ធ្វើឡើងនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសត្រូវបាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់តាំងជាតំណាងអញ្ជើញ ពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥៤ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានរាយការណ៍ឲ្យដឹងថា វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជនលើកទី៥៤ ប្រព្រឹត្តទៅចំនួន០២ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលសិក្ខាកាមចំនួន ១៦៥នាក់ (ស្រី១នាក់) ក្នុងនោះ នាយ-នាយនគរបាលរង នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ចំនួន៥នាក់, ភ្នាក់ងារសន្តិសុខឯកជនផ្តល់សេវាកម្ម ចំនួន៨០នាក់ (ស្រី១នាក់) មកពី៦៥ក្រុមហ៊ុន, ភ្នាក់ងារសន្តិសុខឯកជនមិនបម្រើសេវាកម្ម ចំនួន៨០នាក់ មកពី៣១សហគ្រាសគ្រឹះស្ថាន។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៥៤លើក ដែលមាន សិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន៩,៣០៩នាក់ (ស្រី២០៧នាក់) និងសិក្ខាកាមជា នគរបាលជាតិ ចំនួន ២១៨នាក់ (ស្រី១៨នាក់)។ កិច្ចការបើកវគ្គបំប៉នជំនាញនេះក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានលើកឡើងថា កន្លងមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ធ្វើយ៉ាងណា ឲ្យភ្នាក់ងារសន្តិសុខឯកជនទាំងអស់មានសមត្ថភាព ចំពោះដឹង វិជ្ជាជីវៈ ក្រមសីលធម៌ ដើម្បីលើកកម្ពស់ដល់វិស័យនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

តាងនាមនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានសម្ដែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន គ្រូបង្គោល ក្រុមការងាររៀបចំ វគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥៤នេះ ព្រមទាំងស្នើនាយកដ្ឋានបន្តយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ជាបន្តបន្ទាប់ទៀត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី ស្នើភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវ ក្រោយទទួលការបណ្ដុះបណ្ដាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន៖ ត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឲ្យបានគ្រប់គ្រាន់។

ជាមួយគ្នានេះ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន៖ ជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា, រួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ សិក្ខាកាមទាំងអស់ ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ហើយជៀសវាងដាច់ខាតពាក់ព័ន្ធជាមួយបទល្មើសគ្រប់ប្រភេទ ពិសេសគ្រឿងញៀន។

ដោយឡែក សម្រាប់នាយកក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា លោកអគ្គស្នងការរង បានជំរុញឲ្យបន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ហើយសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានស្នើក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថាន ត្រូវគិតគូរអំពីការស្នើសុំប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (បសស) ដល់ភ្នាក់ងាររបស់ខ្លួនដែលពុំទាន់មាន ដើម្បីទទួលបានការគាំពារពីរាជរដ្ឋាភិបាល និងបានប្រកាសបិទវគ្គបំប៉នជំនាញសន្តិសុខឯកជន លើកទី៥៤ ចាប់ពីពេលនេះតទៅ៕