(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ៣៤៨,៩១៩ដុល្លារ ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) សម្រាប់ការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា និងការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជនបទកម្ពុជា ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី។
ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាពលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងរដ្ឋាករទឹកមណ្ឌលគិរី នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖
*ទី១៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាស្រែកិន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ថវិកាចំនួន៩២,៤២៥ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ
ក្នុងគម្រោងនេះ អគារសិក្សា១ខ្នង ៥បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ ១ខ្នង ៣បន្ទប់ និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាស្រែកិន ក្នុងខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នសិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សា ដោយសារអគារសិក្សាឈើ និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ មិនតែប៉ុណ្ណោះ បរិស្ថានមិនសូវមានអនាម័យដោយសារកង្វះកន្លែងលាងដៃ និងបង្គន់។ គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុនហើយយើងរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្ស ចំនួន ១៤៩នាក់ និងគ្រូបង្រៀនចំនួន៤នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។
*ទី២៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឬស្សី ដូចក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៤៤ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ
ក្នុងគម្រោងនេះ អគារសិក្សា ១ខ្នង ៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាឬស្សីដួច ក្នុងខេត្តកំពង់ធំ។ បច្ចុប្បន្ន សិស្សនៅសាលានេះមានការលំបាកក្នុងការសិក្សាដោយសារអគារសិក្សាឈើបច្ចុប្បន្ន និងគ្រឿងសង្ហារឹមធ្វើអំពីឈើ មានសភាពទ្រុឌទ្រោម។ មិនតែប៉ុណ្ណោះ បរិស្ថានមិនសូវមានអនាម័យ ដោយសារកង្វះកន្លែងលាងដៃ។
គម្រោងនេះមានគោលបំណងនាំមកនូវបរិស្ថានសិក្សាដែលមានសុវត្ថិភាព និងផាសុកភាពជាងមុន ហើយរំពឹងថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ១៦២នាក់ និងគ្រូបង្រៀន ចំនួន ៨នាក់ តាមរយៈការកែលម្អគុណភាពអប់រំ។
*ទី៣៖ គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ថវិកាចំនួន ១៥៦,១៥០ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយរដ្ឋាករទឹកមណ្ឌលគិរី
ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកស្អាតប្រមាណ ២៦គីឡូម៉ែត្រនឹងត្រូវបានដំឡើងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ប្រជាជនភាគច្រើនដែលរស់នៅក្នុងតំបន់នេះ ជួបការលំបាកក្នុងការទទួលបានទឹកបរិភោគដែលមានសុវត្ថិភាព និងកំពុងប្រឈមមុខនឹងហានិភ័យសុខភាព ដោយសារកង្វះបរិក្ខារផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុង។ តាមរយៈគម្រោងនេះ ប្រជាជនប្រមាណ ២,៥០០នាក់នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ដែលនឹងរួមចំណែកដល់ការកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគេ។
ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។
ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង៦៨លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕